(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO បានទទូចជាថ្មីទៀត ឲ្យប្រទេសទាំងអស់កុំមើលស្រាលចំពោះមេរោគ COVID-19 ឲ្យសោះ ខណៈវាកំពុងតែបន្តរីករាលដាលយ៉ាងខ្លាំងក្លា នៅក្រៅពីប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០។
ប្រធានអង្គការ WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) បាននិយាយថា ប្រទេសខ្លះមិនបានបង្កើនការប្រុងប្រយ័ត្នគ្រប់គ្រាន់ចំពោះ COVID-19 ឬមួយក៏បានសម្រេចចិត្តថា ពួកគេគ្មានសមត្ថភាពធ្វើអ្វីបាន ចំពោះការរីករាលដាលនៃជំងឺនេះ ប៉ុន្តែលោកនៅតែចង្អុលបង្ហាញជំងឺរាតត្បាត COVID-19 ពិតជាអាចទប់ទល់ និងគ្រប់គ្រងបាន ប្រសិនបើពិភពលោកប្រឹងប្រែងទាំងអស់គ្នា។
លោក Tedros បានសង្កត់ធ្ងន់ថា COVID-19 គឺជាការគំរាមកំហែងសម្រាប់ប្រទេសនានានៅលើពិភពលោក មិនថាប្រទេសអ្នកមាន ឬក៏ ប្រទេសអ្នកក្រឡើយ។ ដូច្នេះដំណោះស្រាយ គឺការត្រៀមលក្ខណៈឲ្យបានរឹងមាំនិងតឹងរ៉ឹងបំផុត ដោយមិនត្រូវមើលស្រាលវាដាច់ខាត។
គួរជម្រាបថា ករណីឆ្លង COVID-19 នៅតាមប្រទេសអ្នកមានៗក្នុងតំបន់អឺរ៉ុបដូចជា ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ជាពិសេសអ៉ីតាលី បានកើនឡើងជាបន្តបន្ទាប់ ហើយសូម្បីតែនៅសហរដ្ឋអាមេរិកក៏ដូចគ្នាដែរ។ ហេតុដូចនេះ បើតាមអង្គការ WHO ប្រទេសដែលទន់ខ្សោយ ប្រទេសដែលកំពុងអភិវឌ្ឍន៍ ចាំបាច់ត្រូវតែបង្កើនការប្រុងប្រយ័ត្ន និងការត្រៀមលក្ខណៈឲ្យបានខ្លាំង ជាងប្រទេសទាំងនេះទៅទៀត៕