(វ៉ាស៊ីនតោន)៖ ជាមួយនឹងករណីស្លាប់ចុងក្រោយបង្អស់ ដែលត្រូវបានកត់ត្រានៅរដ្ឋវ៉ាស៊ីនតោនស្ទេត ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ១២នាក់ហើយ ខណៈករណីឆ្លងថ្មីៗចំនួន ៥៣ ករណីផ្សេងទៀតបានផ្ទុះឡើងនៅទូទាំងប្រទេស ដោយក្នុងនោះរួមមានរដ្ឋខូឡូរ៉ាដូ (Colorado), រដ្ឋ ធិនណេសស៊ី (Tennessee), រដ្ឋ តិចសាស់ (Texas) និងទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) នៃរដ្ឋកាលីហ្វ័រញ៉ា ទើបតែបានរាយការណ៍ពីការរកឃើញ ករណីឆ្លងដំបូងៗបំផុតរៀងៗខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០។
ឆ្លើយតបនឹងរបាយការណ៍ខាងលើនេះ ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ ហាវើដ (Harvard) ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក ក៏បានព្រមានផងដែរថា សហរដ្ឋអាមេរិកអាចនឹងរងគ្រោះកាន់តែធ្ងន់ធ្ងរ ដោយសារតែការរាតត្បាតរបស់ មេរោគ COVID-19 ព្រោះតែការត្រួតពិនិត្យលើអ្នកដំណើរនានា ចូលមកកាន់ប្រទេសមហាអំណាចមួយនេះ នៅមានការខ្វះចន្លោះច្រើន។
អាជ្ញាធរសុខាភិបាលក្នុងតំបន់បានរាយការណ៍ឲ្យដឹងថា មានករណីឆ្លងថ្មីៗចំនួន ២០ករណី បន្ថែមទៀតត្រូវបានបញ្ជាក់នៅរដ្ឋវ៉ាស៊ីតោនស្ទេត បានធ្វើឲ្យចំនួនសរុប នៃអ្នកឆ្លង COVID-19 នៅក្នុងរដ្ឋមួយនេះមានចំនួន ៥១ករណី ដោយក្នុងនោះស្លាប់ ១១នាក់។ ចំណែកឯករណីស្លាប់់មួយទៀត ត្រូវបានកត់ត្រានៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ដូច្នេះវាបានធ្វើឲ្យតួលេខសរុប នៃអ្នកស្លាប់ដោយសារមេរោគដ៏កាចសាហាវនេះ ហក់ឡើងដល់ ១២នាក់ហើយ។
ដោយឡែករដ្ឋបីផ្សេងទៀតដែលក្នុងនោះ រួមមានរដ្ឋ Colorado រដ្ឋ Tennessee រដ្ឋ Texas និងទីក្រុង San Francisco ទើបតែបានរាយការណ៍ ពីការរកឃើញករណីឆ្លងដំបូងៗបំផុត នៅលើទឹកដីរបស់ខ្លួន ដែលប្រការនេះបានធ្វើឲ្យចំនួនរដ្ឋ ដែលកំពុងរងការវាយប្រហារដោយជំងឺ COVID-19 មាន ១៦រដ្ឋហើយនៅសហរដ្ឋអាមេរិក។
គួរជម្រាបថា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ក្រុមសមាជិកសភានៃគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យបានឈានដល់កិច្ចព្រមព្រៀង ក្នុងការផ្តល់មូលនិធិចំនួន ៨.៣ពាន់លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតសកលមួយនេះ។ នៅទូទាំងប្រទេសអាមេរិកមានការឆ្លងមេរោគ COVID-19 ជាង ១៨៣ករណី បានឆ្លងវីរុសនេះក្នុងបណ្តារដ្ឋចំនួន ១៦ ហើយរដ្ឋដែលមានសភាពធ្ងន់ធ្ងរជាងគេ គឺដ្ឋវ៉ាស៊ីនតោនស្ទេត ស្ថិតនៅភាគខាងលិចនោះតែម្តង៕