(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA ទីបំផុតបានប្រកាសពីឈ្មោះផ្លូវការដែលត្រូវបានជ្រើសរើស ដើម្បីដាក់ឲ្យយានរ៉ូបូតជំនាន់ចុងក្រោយរបស់ខ្លួនហើយ ដែលវានឹងត្រូវបញ្ជូនទៅសិក្សាស្រាវជ្រាវនៅភពអង្គារ នៅក្នុងឆ្នាំ២០២០នេះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០។
ឈ្មោះរបស់វាគឺ ភឺសេវើរែនស៍ «Perseverance» ដែលមានន័យថា «ការតស៊ូព្យាយាម»។ ឈ្មោះនេះត្រូវបានផ្តួចផ្តើមឡើងដោយសិស្សថ្នាក់ទី ៧ ម្នាក់ឈ្មោះ អាឡិចហ្សាដឺ ម៉ាសឺ (Alexader Marther) មកពីរដ្ឋវើជីនៀ (Virginia) ហើយវាត្រូវបានជ្រើសរើសក្នុងចំណោមជម្រើសសរុបប្រមាណ ២៨,០០០ឈ្មោះ ដែលមានការចូលរួមពីសិស្សានុសិស្ស ចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី ១២ នៅទូទាំងសហរដ្ឋអាមេរិក។
ពាក់ព័ន្ធការជ្រើសរើសឈ្មោះខាងលើ អង្គការ NASA បានលើកឡើងថា ឈ្មោះដែលផ្តួចផ្តើមឡើងដោយយុវជន Alexander Marther នេះ គឺឆ្លុះបញ្ចាំងយ៉ាងល្អឥតខ្ចោះពីស្មារតី នៃការស្រាវជ្រាវ និងរុករកនៅលើភពអង្គារ ព្រោះដូចទៅនឹងបេសកកម្មមុនៗដែរ យានរ៉ូបូតថ្មីរបស់យើង នឹងត្រូវប្រឈមបញ្ហាលំបាកជាច្រើន ហើយវានឹងតម្រូវឲ្យមានការតស៊ូព្យាយាម ដើម្បីជម្នះឧបសគ្គទាំងនោះ។
គួរជម្រាបថា យានរ៉ូបូតកង់ ០៦ «Perseverance» នឹងត្រូវបញ្ជូនចេញពីផែនដីនៅចន្លោះខែកក្កដា-សីហា ឆ្នាំនេះ ហើយត្រូវគេរំពឹងថា នឹងចុះទៅដល់លើផ្ទៃភពអង្គារ (Mars) នៅខែកុម្ភៈ ឆ្នាំ២០២១ នៅតំបន់រណ្តៅ ចេហ្សែរ៉ូ (Jezero) ហើយវានឹងធ្វើការប្រមូលទុកគំរូតាងផ្សេងៗ រួមមានដី និងថ្ម ព្រមទាំងស្វែងរកសញ្ញានៃវត្តមានជីវិត របស់ពពួកមីក្រូសារពាង្គកាយកាលពីអតីតកាលនៅទីនោះ៕