(ឡុងដ៍)៖ ចក្រភពអង់គ្លេសបានអះអាងពីករណីអ្នកស្លាប់ដំបូងបំផុត ដោយសារមេរោគឆ្លង COVID-19 ខណៈចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេស បានកើនដល់ ១១៥ករណី។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅសុក្រនេះ ប្រធានក្រុមវេជ្ជបណ្ឌិតអង់គ្លេស លោក គ្រីស វីតធី (Chris Whitty) បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ខ្ញុំពិតជាសោកស្ដាយ និងសូមទោសក្នុងការរាយការណ៍ថា អ្នកជំងឺម្នាក់នៅលើទឹកដីអង់គ្លេស ដែលបានឆ្លង COVID-19 បានទទួលមរណភាពហើយ»។
លោក Whitty បន្ថែមថាអ្នកជំងឺរូបនេះ បានសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ រ៉ូយ៉ាល់ ប៊ឺកហ្ស៊ឺ (Royal Berkshire Hospital) ក្នុងទីក្រុងរីដឌីស (Reading) ស្ថិតនៅភាគខាងលិចទីក្រុងឡុងដ៍ ហើយរូបគាត់គឺជាមនុស្សមានវ័យចំណាស់ និងមានជំងឺប្រចាំកាយស្រាប់៕