(ប៉ារីស)៖ សមាជិកសភាជាតិបារាំងលោក ហ្សង់ លុច រ៉ិចហ្ស៊ែរ (Jean-Luc Reitzer) ត្រូវបានគេរកឃើញថា បានឆ្លងមេរោគ COVID-19 ហើយបច្ចុប្បន្នលោកកំពុង សម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ដោយស្ថិតនៅក្នុងស្ថានភាពជំងឺធ្ងន់ធ្ងរ។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន ឡឺ ហ្វីហ្គារ៉ូ (Le Figaro) នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០។
បើតាមលោក រីឆាត ហ្វែររ៉ង់ (Richard Ferrand) ជាប្រធានសភាជាតិបារាំង លោក រ៉ិចហ្ស៊ែរ កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យក្នុងទីក្រុង ម៉ាល់ហោស (Mulhouse) ហើយបុគ្គលិកផ្នែកបម្រើសេវាកម្មប្រចាំអាហារដ្ឋាននៃរដ្ឋសភាម្នាក់ក៏បានឆ្លងមេរោគ COVID-19 ផងដែរ ខណៈបុគ្គលិកជាប់កិច្ចសន្យាម្នាក់ទៀត កំពុងស្ថិតនៅក្រោមការសង្ស័យ ដោយរង់ចាំលទ្ធផលធ្វើតេស្ដសុខភាព។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសបារាំង បានកើនដល់៧នាក់ រីឯករណីឆ្លងមេរោគវិញបានហក់ឡើងដល់ ៤២៣ករណី៕