Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: ចំនួនអ្នកឆ្លង COVID-19 នៅកូរ៉េខាងត្បូងកើនដល់ ៦,២៨៤ករណី, អ្នកជំងឺ៤២នាក់ស្លាប់ (Video inside)

06-03-2020 10:19

(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ បានរកឃើញករណីឆ្លងថ្មីនៃមេរោគ COVID-19 រាប់រយនាក់បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំង ប្រទេសកើនដល់ ៦,២៨៤ករណី ក្នុងនោះមានអ្នកជំងឺ ៤២នាក់បានស្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង (KCDC) ក្នុងចំណោមអ្នកឆ្លង ៥១៨ករណី ពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញមាន ៣៦៧នាក់ នៅក្នុងទីក្រុង ដេគូ (Daegu) និង ១២៣នាក់ក្នុងខេត្ត គ្យុងសាងខាងជើង (Gyeongsang) ហើយទីក្រុង និងខេត្តទាំងពីរនៅ តែមានករណីឆ្លងច្រើនជាងគេបំផុត។ KCDC បន្ថែមថា ៦០ភាគរយនៃចំនួនអ្នកឆ្លង គឺមានជាប់ពាក់ព័ន្ធនឹងព្រះវិហារគ្រិស្ត ស៊ីនជុនជី (Shincheonji) ក្នុងទីក្រុង Daegu ដែលជាទីក្រុងធំទី ៤ របស់កូរ៉េខាងត្បូងមានប្រជាជន ២.៥លាននាក់ ហើយភាគច្រើនក្នុងចំណោមអ្នកស្លាប់ទាំង ៤២នាក់វិញ គឺជាមនុស្សមានវ័យចំណាស់ និងមានជំងឺប្រចាំកាយ។

គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍អ្នកជំងឺ COVID-19 សរុប ១០៨នាក់ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ ខណៈចំនួនអ្នកត្រូវត្រួតពិនិត្យសុខភាព និងស្ថិតនៅក្រោមវិធានការដាក់ឱ្យនៅដាច់ដោយឡែកពីគេមាន ២១,៨៣២នាក់។ កូរ៉េខាងត្បូងក៏បានធ្វើតេស្ដលើអ្នកដែលសង្ស័យថា មានផ្ទុកមេរោគនេះចំនួន ១៥៨,៤៥៦នាក់ផងដែរ ដោយក្នុងនោះមាន ១៣៦,៦២៤នាក់ហើយ ដែលលទ្ធផលធ្វើតេស្ដបង្ហាញថា គ្មានមេរោគ COVID-19 នោះទេ៕