(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានសម្តែងការតវ៉ាយ៉ាងខ្លាំង ទៅនឹងចំណាត់ការពីសំណាក់ប្រទេសជប៉ុន នៅក្នុងការដាក់អ្នកដំណើរពីកូរ៉េខាងត្បូង ឲ្យស្ថិតនៅក្នុងការត្រួតពិនិត្យរយៈពេល ១៤ថ្ងៃ ដើម្បីស្វែងរក COVID-19 ខណៈកូរ៉េខាងត្បូងកំពុងរងគ្រោះកាន់តែធ្ងន់ធ្ងរ ដោយសារមេរោគដ៏កាចសាហាវនេះ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០។

នៅក្នុងពាក្យតវ៉ារបស់កូរ៉េខាងត្បូង បានលើកឡើងថា សេចក្តីសម្រេចរបស់ជប៉ុនក្នុងការដាក់អ្នកដំណើរកូរ៉េខាងត្បូង ឲ្យស្ថិតនៅក្នុងការតាមដានរយៈពេល ១៤ថ្ងៃនោះ «គឺជាទង្វើដែល គ្មានហេតុផល មិនអាចទទួលយកបាន និងគួរឲ្យសោកស្តាយជាទីបំផុត»។ បច្ចុប្បន្នទីក្រុង ដេគូ និងខេត្តគ្យុងសាងខាងជើងរបស់ប្រទេសកូរ៉េខាងត្បូង ជាកន្លែងផ្ទុះការឆ្លងមេរោគ COVID-19 ធ្ងន់ធ្ងរបំផុត។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានសម្រេចថា អ្នកដំណើរនានាមកពីកូរ៉េខាងត្បូង នឹងត្រូវដាក់ឲ្យស្ថិតនៅក្នុងការត្រួតពិនិត្យសុខភាពរយៈពេល ០២សប្តាហ៍ ឬ ១៤ថ្ងៃ ខណៈប្រជាជនពីតំបន់កំពុងរងការវាយប្រហារខ្លាំងក្លា ដោយសារមេរោគ COVID-19 នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលមកក្នុងប្រទេសជប៉ុនឡើយ គិតចាប់ពីថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០ រហូតដល់មានការសម្រេចចិត្តជាថ្មី៕