(តេហេរ៉ង់)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលអ៉ីរ៉ង់ លោក Saeed Namaki នាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា សាលារៀន ព្រមទាំង សាកលវិទ្យាល័យ និងគ្រឹះស្ថានអប់រំទាំងអស់នៅក្នុងប្រទេស នឹងត្រូវបិទទ្វាររហូតដល់ថ្ងៃទី២០ ខែមីនា។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០។
សេចក្តីប្រកាសខាងលើធ្វើឡើងស្របពេលដែល តួលេខអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងប្រទេសអ៉ីរ៉ង់បានកើនដល់ ១០៧នាក់ ក្នុងចំណោមករណីឆ្លងដែលបានឡើងដល់៣,៥១៣ករណី ហើយបន្ថែមពីលើនេះ ក៏មានករណីសង្ស័យ និងកំពុងស្ថិត ក្រោមការតាមដានចំនួន២៣,៣២៧នាក់ផងដែរ។
គួរជម្រាបថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ក្នុងចំណោមករណីឆ្លងទាំង៣,៥១៣នាក់នោះ មាន៧៣៩នាក់បានជាសះស្បើយឡើងវិញ ។ ទីក្រុងចំនួនបួនរួមមាន រដ្ឋធានីតេហេរ៉ង់ ដែលមានករណីឆ្លង១,៣៥២នាក់ ទីក្រុងកុម (Qom) ដែលមានករណីឆ្លង៣៨៦នាក់ ទីក្រុង Rasht នៃខេត្តជីឡាន (Gilan) ដែលមានករណីឆ្លង៣៣នាក់, និងទីក្រុងអ៊ែសហ្វាហាន ដែលមានករណីឆ្លង១៨០នាក់ ត្រូវបានចាត់ទុកជាកន្លែងរងគ្រោះធ្ងន់ធ្ងរបំផុត។ អ៉ីរ៉ង់ក៏បានណែនាំឲ្យប្រជាជន ព្យាយាមស្នាក់នៅក្នុងផ្ទះ និងកុំធ្វើដំណើរចេញទៅណាបើមិនចាំបាច់៕