(តេហេរ៉ង់)៖ ក្រសួងសុខាភិបាលអ៉ីរ៉ង់ បានរកឃើញករណីអ្នកស្លាប់ដោយសារជំងឺ COVID-19 ចំនួន ១៥នាក់បន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍នេះ ដែលបានធ្វើឱ្យចំនួនអ្នកស្លាប់សរុប នៅទូទាំងប្រទេសកើនដល់ ១០៧នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០។
អ្នកនាំពាក្យក្រសួងសុខាភិបាលអ៉ីរ៉ង់ លោក ឃីយ៉ាណូស ហ្សាហាន់ភើ (Kianush Jahanpur) ក៏បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍ រដ្ឋអ៉ីរ៉ង់ផងដែរថា ចំនួនអ្នកឆ្លងជំងឺ COVID-19 បានកើនឡើងដល់ ៣,៥១៣ករណីផងដែរ ខណៈករណីសង្ស័យ និងកំពុងស្ថិតនៅក្នុងការតាមដានវិញ មានចំនួនរហូតដល់ទៅ ២៣,៣២៧នាក់។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធម្សិលមិញនេះអ៉ីរ៉ង់ក៏បានបញ្ជាក់ អំពីចំនួនអ្នកជាសះស្បើយជាង ៥០០នាក់ផងដែរពីជំងឺ COVID-19។ តំបន់ចំនួនបួនធំៗដូចជា តេហេរ៉ង់, កុម, ជីឡាន, និងអ៊ែសហ្វាហាន ត្រូវបានចាត់ទុកជាកន្លែងរងគ្រោះធ្ងន់ធ្ងរបំផុត។ អ៉ីរ៉ង់ក៏បានណែនាំឲ្យប្រជាជន ព្យាយាមស្នាក់នៅផ្ទះ និងកុំធ្វើដំណើរចេញទៅណាបើមិនចាំបាច់៕