(ហ្សឺណែវ)៖ ស្ត្រីចំណាស់មា្នក់អាយុ ៧៤ឆ្នាំដែលបានឆ្លងមេរោគ COVID-19 បានស្លាប់បាត់បង់ជីវិតហើយ ដែលនេះករណីស្លាប់ដំបូងបំផុត ដោយសារជំងឺកាចសាហាវមួយនេះ នៅក្នុងប្រទេសស្វីស។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០។
បើតាមអាជ្ញាធរស្វីស ស្ត្រីខាងលើបានស្នាក់នៅក្នុងមន្ទីរពេទ្យមួយ នៃទីក្រុងឡូសានណេ (Lausanne) ដើម្បីព្យាបាល ក្រោយត្រូវបានគេធ្វើតេស្ដរកឃើញថា មានផ្ទុកមេរោគ COVID-19 កាលពីថ្ងៃអង្គារកន្លងទៅ ហើយរូបគាត់បានស្លាប់នៅថ្ងៃព្រហស្បតិ៍នេះ (ពេលវេលានៅស្វីស)។ ស្ត្រីចំណាស់រូបនេះក៏ត្រូវបានគេរាយការណ៍ផងដែរថា មានជំងឺប្រចាំកាយ ហើយអ្នកមានជំងឺប្រចាំកាយ និងមានវ័យចំណាស់បែបនេះ ជាទូទៅប្រឈមមុខនឹងអាត្រាស្លាប់ខ្ពស់ ក្រោយឆ្លងមេរោគ COVID-19 ចូលក្នុងខ្លួន។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ នៅប្រទេសស្វីសមានអ្នកឆ្លង COVID-19 សរុប ៥៨ករណីក្រោយវាយលុកចូលប្រទេស ចាប់តាំងពីថ្ងៃទី២៥ ខែកុម្ភៈមក៕