(ប៉េកាំង)៖ ខណៈប្រទេសចំនួន ០៣បន្ថែមទៀត បានអះអាងពីការរកឃើញករណីឆ្លង COVID-19 ជាលើកដំបូងនៅក្នុងប្រទេសរៀងៗខ្លួន ហើយជំងឺរីករាលដាល កាន់តែខ្លាំងនៅជុំវិញពិភពលោក អង្គការសុខាភាពពិភពលោក (WHO) បានអំពាវនាវឱ្យប្រទេសទាំងអស់ចាត់វិធានការឱ្យបានតឹងរ៉ឹង ដើម្បីលុបបំបាត់ការចម្លងជាសកល នៃមេរោគដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០។
កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រទេស ស្លូវ៉ានី ហុងគ្រី និងប៉ូឡូញជាដើម សុទ្ធតែបានរាយការណ៍រៀងៗខ្លួនពីការរកឃើញករណីឆ្លង COVID-19 ជាលើកដំបូងនៅក្នុងប្រទេសរបស់ពួកគេ ស្របពេលប្រទេសផ្សេងទៀតដូចជា កូរ៉េខាងត្បូង អ៉ីតាលី និងអ៉ីរ៉ង់រងគ្រោះកាន់តែធ្ងន់ ដោយសារមេរោគឆ្លងដ៏កាចសាហាវនេះ។ នាយករដ្ឋមន្ត្រីអ៉ីតាលី លោក ហ្គីស៊ីបប៉េ ខុនតេ (Giuseppe Conte) បានប្រកាសទទួលស្គាល់ថា អ៉ីតាលីនឹងបិទសាលារៀន និងសាកលវិទ្យាល័យទាំងអស់នៅទូទាំងប្រទេស រហូតដល់ថ្ងៃទី១៥ ខែមីនា។
លើសពីនេះទៅទៀត ពេញមួយថ្ងៃពុធម្សិលមិញគេសង្កេតឃើញថា ករណីឆ្លង COVID-19 បានកើនឡើងយ៉ាងគំហុក ដោយក្នុងនោះអឺរ៉ុបបានរាយការណ៍ ពីករណីឆ្លងថ្មីៗច្រើនជាងគេ ពោលគឺអង់គ្លេស ប្រកាសរកឃើញករណីថ្មី ៣៦ ធ្វើឱ្យចំនួនឆ្លងសរុបកើនដល់ ៨៧ករណី, ស៊ុយអែត ២២ករណីថ្មីៗ (ឆ្លងសរុបកើនដល់ ៥២នាក់) ខណៈនៅអាល្លឺម៉ង់វិញ កើនដល់ ២៤០នាក់ (ក្រោយករណីឆ្លងថ្មី១៨៨ករណីត្រូវបានប្រកាស) ហើយដោយឡែកប្រទេសបារាំងវិញ ករណីឆ្លងហក់ឡើងដល់ ២៨៥ករណី។
យ៉ាងណាមិញ ប្រឈមមុខនឹងស្ថានភាពបែបនេះ ប្រធានអង្គការ WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) បានអំពាវនាវឱ្យប្រទេសទាំងអស់ ចាត់វិធានការឱ្យបានតឹងរ៉ឹង ដើម្បីលុបបំបាត់ការចម្លងជាសកល នៃជំងឺដ៏កាចសាហាវនេះ តាមរយៈការពន្យល់ និងអប់រំប្រជាជនរបស់ខ្លួន ក៏ដូចជាបង្កើនការតាមដានត្រួតពិនិត្យ និងអនុវត្តវិធានការយ៉ាងខ្ជាប់ខ្ជួន។ ប៉ុន្តែទន្ទឹមគ្នា លោកក៏បានទទួលស្គាល់ដែរថា ការរីករាលដាលនៃជំងឺ COVID-19 កាន់តែមានភាពស្មុគស្មាញឡើង៕