(វ៉ាស៊ីនតោន)៖ ការសិក្សាស្រាវជ្រាវថ្មីមួយពីប្រទេសសិង្ហបុរី ដែលទើបតែចេញផ្សាយបានបង្ហាញថា អ្នកជំងឺ COVID-19 ជាទូទៅ អាចបន្សល់ទុកមេរោគនៅក្នុងបរិស្ថានជុំវិញខ្លួនពួកគេ ជាពិសេសបន្ទប់ដេក និងបន្ទប់ទឹកតែម្តង តែការប្រើសារធាតុកម្ចាត់មេរោគ គឺមានសមត្ថភាពគ្រប់គ្រាន់អាចសម្លាប់ពួកវាបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០។
ក្រុមអ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលជាតិប្រឆាំងជំងឺឆ្លង និងទីភ្នាក់ងារស្រាវស្រាវ DSO National Laboratories របស់ប្រទេសសិង្ហបុរី បានអង្កេតទៅលើករណីអ្នកជំងឺ COVID-19 ចំនួន ០៣នាក់ ដែលត្រូវបានដាក់ក្នុងបន្ទប់ដាច់ដោយឡែក កាលពីចន្លោះចុងខែមករា និងដើមខែកុម្ភៈ។ ក្នុងនោះបន្ទប់អ្នកជំងឺម្នាក់ត្រូវបានគេប្រមូលយកសំណាក មុនពេលការប្រើថ្នាំកម្ចាត់មេរោគដើម្បីសម្អាត ខណៈបន្ទប់របស់ពីរនាក់ទៀត ត្រូវបានប្រមូលយកសំណាកក្រោយការសម្អាត។
លទ្ធផលចេញមកក៏បានបង្ហាញថា អ្នកជំងឺដែលបន្ទប់ត្រូវបានគេប្រមូលយកសំណាក មុនពេលកម្ចាត់មេរោគ គឺបានបន្សល់ទុកមេរោគនៅទីតាំងចំនួន ១៣ ក្នុងចំណោមទីតាំងធ្វើតេស្តសរុប ១៥កន្លែងនៅក្នុងបន្ទប់រួមមាន៖ កៅអី គ្រែ បង្អួច ឥដ្ឋ និងកុងតាក់ភ្លើងជាដើម រីឯនៅបន្ទប់ទឹកវិញ ០៣ក្នុងចំណោម ០៥ទីតាំង ក៏ត្រូវបានរកឃើញមេរោគផងដែរ រួមមានកន្លែងលាងដៃ ដៃទ្វារ និងចានបង្គន់។
គួរជម្រាបថា លទ្ធផលស្រាវជ្រាវខាងលើកាន់តែគាំទ្រថែមទៀត ដល់ការតម្រូវឲ្យយើងទាំងអស់គ្នា ប្រកាន់ខ្ជាប់នូវការអនាម័យជាប់ជានិច្ច ដើម្បីជៀសវាងការឆ្លង COVID-19។ តាមពិត COVID-19 នេះ គឺជាឈ្មោះផ្លូវការរបស់ជំងឺ ដែលបង្កឡើងដោយវីរុសកូរ៉ូណា ប្រភេទថ្មីដែលមានឈ្មោះផ្លូវការថា SARS-CoV-2 ប៉ុន្តែឈ្មោះនេះមិនត្រូវបានគេប្រើប្រាស់ទូលំទូលាយឡើយ ដូច្នេះហើយឈ្មោះ COVID-19 ត្រូវបានគេប្រើសំដៅទាំងទៅលើជំងឺ និងវីរុសនេះតែម្តង ជាពិសេសនៅលើបណ្តាញសារព័ត៌មាន។
គិតមកទល់ពេលនេះ COVID-19 ដែលបានផ្ទុះឡើងដំបូងនៅទីក្រុង វូហាន (Wuhan) នៃខេត្ត ហ៊ូប៉ី (Hubei) ប្រទេសចិនកាលពីចុងខែធ្នូ ឆ្នាំ២០១៩ បានឆ្លងដល់មនុស្សខ្ទង់ ៩៥,០០០នាក់ នៅតាមប្រទេសនិងតំបន់សរុបយ៉ាងតិច ៨១ ជុំវិញពិភពលោក ហើយក្នុងនោះអ្នកជំងឺជាង ៣,២០០នាក់បានស្លាប់ ខណៈបើតាមអង្គការសុខភាពពិភពលោក (WHO) អត្រាមរណៈរបស់វាគឺ ៣.៤ភាគរយ៕