(សេអ៊ូល)៖ មេដឹកនាំកំពូលរបស់កូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន បានផ្ញើលិខិតមួយច្បាប់ទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន ដើម្បីលើកទឹកចិត្តប្រជាជនកូរ៉េខាងត្បូងទាំងអស់ឲ្យតស៊ូជម្នះការរាតត្បាតនៃជំងឺ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Yonhap នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០។
បើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង (Cheong Wa Dae) ក្នុងលិខិតខាងលើដែលបានផ្ញើជូនដល់ដៃលោក មូន កាលពីថ្ងៃពុធម្សិលមិញ លោក គីម បានបង្ហាញការជឿជាក់ខ្ពស់ថា ប្រជាជាតិកូរ៉េខាងត្បូងនឹងជម្នះស្ថានការណ៍បច្ចុប្បន្នបាន និងជូនពរឲ្យប្រជាជនកូរ៉េខាងត្បូងមានសុខភាពល្អតាមតែអាចធ្វើទៅបាន។ លោក គីម ជុងអ៊ុន បានបន្ថែមទៀតថា លោកនឹងបន្តផ្តល់ការលើកទឹកចិត្តដោយស្ងាត់ៗចំពោះកូរ៉េខាងត្បូង ក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19។
លោកមេដឹកនាំកំពូលកូរ៉េខាងជើង ក៏បានសម្តែងនូវការព្រួយបារម្ភចំពោះសុខភាពផ្ទាល់របស់លោក មូន ចេអ៊ីន ផងដែរ ខណៈការវាយលុកដោយបញ្ហាជំងឺ COVID-19 នេះ បានក្លាយជាបញ្ហាដ៏ធំបំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង ហើយលោក មូន បានសម្តែងការអរគុណចំពោះលោក គីម។
គួរជម្រាបថា បច្ចុប្បន្ន អ្នកដែលបានឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូងមានចំនួន៦,០៨៨នាក់ ដោយក្នុងនោះស្លាប់៤០នាក់ ដែលភាគច្រើនជាជនមានវ័យចំណាស់ ហើយមានជំងឺធ្ងន់ប្រចាំកាយ។ រីឯនៅកូរ៉េខាងជើងវិញ ពុំទាន់មានការរាយការណ៍ផ្លូវការណាមួយអំពីការរកឃើញករណី COVID-19 ឡើយ ប៉ុន្តែកូរ៉េខាងជើងបានរឹតបន្តឹងខ្លាំងលើចំណាត់ការការពារខ្លួន៕