(ហ្សាការតា)៖ ឥណ្ឌូណេស៊ី នឹងហាមឃាត់ជនបរទេស ដែលធ្លាប់ចំណាយពេល១៤ថ្ងៃ ក្នុងទីក្រុងមួយចំនួនរងគ្រោះធ្ងន់ធ្ងរដោយសារជំងឺ COVID-19 នៅប្រទេស អ៉ីរ៉ង់ អ៉ីតាលី និងកូរ៉េខាងត្បូង ចូលមកក្នុង ឬឆ្លងកាត់ប្រទេសរបស់ខ្លួន ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី០៨ ខែមីនានេះតទៅ។ នេះបើតាមក្រសួងសុខាភិបាល ឥណ្ឌូណេស៊ី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ លោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ក៏បានបញ្ជាក់ដែរថា អ្នកដំណើរ ដែលមកពីតំបន់ ឬទីក្រុងដទៃ នៅក្នុងប្រទេសទាំងបីខាងលើ នឹងចាំបាច់ត្រូវតែឆ្លងកាត់ការបញ្ជាក់ពីស្ថានភាពសុខភាព ដោយអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី។ លោកស្រី បន្ថែមថាវិធានការបែបនេះ នឹងត្រូវអនុវត្តដូចគ្នាលើជនបរទេសមកពីចិនដីគោក ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 ខណៈពលរដ្ឋឥណ្ឌូណេស៊ី ត្រឡប់ មកពីតំបន់ ឬទីក្រុងដែលជំងឺនេះកំពុងលុកលុយខ្លាំង នៅអ៉ីរ៉ង់ អ៉ីតាលី និងកូរ៉េខាងត្បូង ក៏នឹងត្រូវបានឆ្លងកាត់ការត្រួតពិនិត្យសុខភាព ផងដែរ។

គួរបញ្ជាក់ថា ការប្រកាសពីការចាត់វិធានការខាងលើ ធ្វើឡើងបន្ទាប់ពី ឥណ្ឌូណេស៊ី នៅក្នុងសប្ដាហ៍នេះបានរាយការណ៍ពីការរកឃើញការឆ្លង COVID-19 ចំនួនពីរករណី ជាលើកដំបូងនៅក្នុងប្រទេស៕