(ហ្វលីពីន)៖ ឧទ្ធម្ភាគចក្រមួយគ្រឿង ដឹកអគ្គមេបញ្ជាការប៉ូលិសជាតិហ្វីលីពីន, ឧត្ដមសេនីយ៍ពីររូប រួមទាំងមនុស្សអមដំណើរ ០៥នាក់ផ្សេងទៀត បានធ្លាក់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយបណ្ដោលឱ្យអ្នកជិះនៅ លើនោះទំាងអស់រងរបួស។ នេះបើតាមការចេញផ្សាយដោយព័ត៌មាន Straits Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០។
លោកឧត្ដមសេនីយ៍ អាឈី ហ្វ្រង់ស៊ីស្កួ ហ្គាំបាវ (Archie Francisco Gamboa) ជាអគ្គមេបញ្ជាការប៉ូលិសជាតិហ្វីលីពីន និងអ្នករួមដំណើរជាមួយលោក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយហេតុការណ៍កើតឡើង។ ករណីធ្លាក់ឧទ្ធម្ភាគចក្រនេះ បានកើតឡើងនៅក្នុងទីក្រុង សានផេដ្រូ (San Pedro) នៃខេត្ត ឡាហ្គូណា (Laguna) ស្ថិតនៅភាគខាងត្បូង ទីក្រុងម៉ានីល បន្ទាប់ពីលោក Gamboa ជួបសំណេះសំណាលជាមួយក្រុមមន្ត្រីប៉ូលិសនៅក្នុងតំបន់។ ប៉ុន្តែ ក្រោយហោះឡើងបានបន្តិច ឧទ្ធម្ភាគចក្រស្រាប់តែប៉ះនឹងបង្គោលខ្សែភ្លើង ហើយបានធ្លាក់នៅផ្លូវលំមួយកន្លែង ក្បែរផ្ទះប្រជាជន។
បើតាមសេចក្ដីរាយការណ៍ មនុស្សទាំងអស់នៅលើឧទ្ធម្ភាគចក្រ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ តែមិនទាន់មានការបញ្ជាក់ពីមូលហេតុ ពិតប្រាកដនៃគ្រោះថ្នាក់នេះទេ៕