(អង់ការ៉ា)៖ ការវាយតប់គ្នាមួយបានផ្ទុះឡើងនៅក្នុងសភាជាតិតួកគី កំឡុងសុន្ទរកថារបស់សមាជិកសភាមកពីគណបក្សប្រឆាំងម្នាក់ ដែលបានចោទប្រកាន់លោកប្រធានាធិបតី តាយយីព អឺដូហ្គាន់ (Tayyip Erdogan) ថា បានប្រមាថលើទាហានតួកគី ដែលបានពលីជីវិតនៅក្នុងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០។
បើតាមវីដេអូមួយ បង្ហាញពីអំពើហិង្សាខាងលើ សមាជិកតួកគីជាច្រើននាក់ បានចូលរួមក្នុងការវាយតប់គ្នាកាលពីថ្ងៃពុធ ដោយមានអ្នកខ្លះគប់របស់របរ និងខ្លះដាល់គ្នាទៅវិញទៅមក ហើយខ្លះទៀតព្យាយាមឃាត់ភាគីជម្លោះ។ លោក អ៊ែនជីន អូសខុក (Engin Ozkoc) ជាសមាជិកសភាម្នាក់មកពី គណបក្សប្រឆាំង CHP បានចោទប្រកាន់ថា លោក Erdogan បានប្រមាថលើទាហានតួកគី ដែលត្រូវបានសម្លាប់នៅក្នុងខេត្ត Idlib ប្រទេសស៊ីរី ព្រមទាំងគ្មានទំនួលខុសត្រូវទាល់តែសោះ ក្នុងការបញ្ជូនកងទ័ព ទៅចូលរួមក្នុងជម្លោះ តែបែរជាមិនមានការការពារពីយន្ដហោះចម្បាំងទៅវិញ។
ចំណែកឯ ប្រធានសភាតួកគី លោក មូស្តាហ្វា សិនថប់ (Mustafa Sentop) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការលើកឡើងរបស់លោក Engin Ozkoc ខណៈរដ្ឋអាជ្ញាទីក្រុងអង់ការ៉ា បានបើកការស៊ើបអង្កេតមួយលើករណីនេះ ក្រោមការដាក់ការសង្ស័យថា វាគឺជាការប្រមាថលើប្រធានាធិបតី។ បច្ចុប្បន្នជម្លោះ ប្រដាប់អាវុធជាមួយរដ្ឋាភិបាលស៊ីរី គឺជាបញ្ហាក្តៅគគុកមួយសម្រាប់តួកគី៕