(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ កូរ៉េខាងត្បូងនាល្ងាចថ្ងៃពុធនេះ ទើបតែបានប្រកាសពីករណីឆ្លងមេរោគ COVID-19 ថ្មីៗចំនួន ២៩៣ករណីថែមទៀត ដែលធ្វើឲ្យចំនួនសរុបកើនដល់ ៥,៦២១ករណី ហើយចំនួនអ្នកស្លាប់ក៏បានកើនឡើងពី ៣២នាក់ឡើងដល់ ៣៣នាក់ផងដែរ។

 

២៖ រដ្ឋាភិបាលជប៉ុនកំពុងតែរៀបចំអនុម័តនូវច្បាប់ពិសេសមួយ ដែលអាចឲ្យប្រទេសដីកោះមួយនេះ ធ្វើការប្រយុទ្ធប្រឆាំងការឆ្លងមេរោគ COVID-19 ប្រកបដោយប្រសិទ្ធភាពខ្លាំងក្លាជាងមុន ខណៈចំនួនអ្នកឆ្លងសរុបកើនដល់ជាង ១,០០០ករណីហើយ។

 

៣៖ បុរសវ័យ ៧០ឆ្នាំម្នាក់បានបាត់បង់ជីវិតដោយសារតែជំងឺឆ្លង COVID-19 នៅថ្ងៃពុធនេះតែម្តង ស្ថិតក្នុងខេត្តស៊ូឡៃមែនីយ៉ាហ៍ (Sulaimaniyah) ភាគឦសានប្រទេសអ៉ីរាក់។

 

៤៖ មនុស្សយ៉ាងតិច ២១នាក់បានបាត់បង់ជីវិត និង ៣២នាក់កំពុងបាត់ខ្លួនក្រោយមានភ្លៀងធ្លាក់ខ្លាំង ហើយបង្កទៅជាទឹកជំនន់ និងបំណាក់ដីនៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល។

 

៥៖ ក្រសួងសុខាភិបាលអ៉ីរ៉ង់ បានរកឃើញករណីអ្នកស្លាប់ដោយសារជំងឺ COVID-19 ១៥នាក់បន្ថែមទៀត នៅថ្ងៃពុធនេះ ធ្វើឱ្យចំនួនអ្នកស្លាប់ សរុបនៅទូទាំងប្រទេសកើនដល់៩២នាក់។

 

៦៖ រដ្ឋាភិបាលអ៉ីតាលី នៅថ្ងៃពុធនេះ បានសម្រេចចិត្តបិទសាលារៀន និងសាកលវិទ្យាល័យទាំងអស់នៅទូទាំងប្រទេសរហូត ដល់ពាក់កណ្ដាលខែមីនា ខណៈចំនួនអ្នកស្លាប់ដោយសារ COVID-19 កើនដល់៧៩នាក់ និងច្រើនជាង២,៥០០នាក់ បានឆ្លងជំងឺ ដ៏កាចសាហាវមួយនេះ៕