(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនកំពុងតែរៀបចំអនុម័តនូវច្បាប់ពិសេសមួយ ដែលអាចឲ្យប្រទេសដីកោះមួយនេះ ធ្វើការប្រយុទ្ធប្រឆាំងការឆ្លងមេរោគ COVID-19 ប្រកបដោយប្រសិទ្ធភាពខ្លាំងក្លាជាងមុន ខណៈចំនួនអ្នកឆ្លងសរុបកើនដល់ជាង ១,០០០ករណីហើយ។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០។
សម្រាប់ច្បាប់ថ្មីដែលនឹងត្រូវអនុម័តខាងលើនេះ នឹងមានប្រសិទ្ធភាពក្នុងការអនុវត្តន៍ សម្រាប់រយៈពេលរហូតដល់ ០២ឆ្នាំ ហើយវាគឺជាការធ្វើវិសោធនកម្មលើច្បាប់ចាស់ ស្តីពីការទប់ទល់ជំងឺឆ្លងពីមុន ដើម្បីធ្វើឲ្យវាកាន់តែមានប្រសិទ្ធភាព ក្នុងការទប់ទល់មេរោគដូចជា COVID-19 នាពេលបច្ចុប្បន្ននេះ។ ជប៉ុនបានចាត់ទុក COVID-19 ជាប្រភេទជំងឺឆ្លងកាលពីខែកុម្ភៈ ឆ្នាំ២០២០ ហេតុដូច្នេះច្បាប់ថ្មីនេះ នឹងមានប្រសិទ្ធភាពក្នុងការអនុវត្តន៍រហូតដល់ខែកុម្ភៈ ឆ្នាំ២០២០។
គួរបញ្ជាក់ថា ច្បាប់ថ្មីខាងលើនេះក៏នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលបង្កើនអំណាច ពាក់ព័ន្ធនឹងច្បាប់ក្នុងគ្រាមានអាសន្នផងដែរ ខណៈបណ្តាខេត្តរបស់ជប៉ុនមួយចំនួន រួចទៅហើយបានប្រកាសភាពអាសន្ន ដើម្បីចាត់ចែងកម្លាំងទប់ស្កាត់ការរីករាតត្បាត មេរោគឆ្លង COVID-19 ឲ្យកាន់តែខ្លាំងក្លា។ សម្រាប់ចំនួនករណីឆ្លងសរុបជាង ១,០០០ករណីនៅជប៉ុននេះ ក៏បូករួមទាំងអ្នកជំងឺ COVID-19 ចំនួន ៧០៦នាក់ ដែលត្រូវបានរកឃើញលើនាវាយក្ស ដាយមិនដ៍ព្រីនសេស (Diamond Princess) ផងដែរ៕