(វៀងច័ន្ទ)៖ រដ្ឋាភិបាលថៃទើបតែបានប្រគល់គ្រឿងបរិក្ខាវេជ្ជសាស្រ្ត ដល់ក្រសួងសុខាភិបាលឡាវ ដើម្បីជួយដល់ការទប់ស្កាត់ និងឆ្លើយតបរបស់ប្រទេសជិតខាងខ្លួនមួយនេះ ចំពោះមេរោគឆ្លង COVID-19 ដែលកំពុងអុកឡុកពិភពលោកយ៉ាងខ្លាំង។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០។
យោងតាមការសេចក្តីរាយការណ៍ព័ត៌មាននាថ្ងៃពុធនេះ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសឡាវ សម្ភារៈខាងលើត្រូវបានផ្តល់ឲ្យពីសំណាក់ ឯកអគ្គរាជទូតថៃប្រចាំនៅឡាវ លោក ដាំរ៉ុង ក្រៃគ្រួន (Damrong Kraikruan) ទៅកាន់រដ្ឋមន្រ្តីសុខាភិបាលឡាវ លោក បួនគង់ សាយហាវង់ (Bounkong Syhavong) កាលពីដើមសប្តាហ៍នេះ។ សម្ភារៈទាំងនោះរួមមាន ទឹកលាងដៃសម្លាប់មេរោគចំនួន ២,០៤០ដប និងស្រោមដៃវេជ្ជសាស្រ្ត ៥០,០០០គូ។
នាឱកាសនោះ លោក Bounkong ក៏បានអរគុណរដ្ឋាភិបាលថៃ សម្រាប់ការផ្តល់ជំនួយដ៏មានតម្លៃទាំងនេះ ហើយលោកបានប្រាប់ថា ប្រទេសជាច្រើនរួមមានទាំងជប៉ុន និងសហរដ្ឋអាមេរិក បានផ្តល់បរិក្ខាវេជ្ជសាស្រ្តមកកាន់ក្រសួងសុខាភិបាលឡាវ ដើម្បីជួយប្រទេសឡាវទប់ស្កាត់ការឆ្លងមេរោគ COVID-19។
គួរជម្រាបថា បើតាមលោករដ្ឋមន្រ្តីសុខាភិបាលឡាវទោះបីរហូតមកទល់បច្ចុប្បន្ន ប្រទេសរបស់លោកមិនទាន់មានករណីឆ្លង COVID-19 ក៏ដោយ គឺនៅតែមិនអាចធ្វេសប្រហែសបានជាដាច់ខាត៕