Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចំនួនអ្នកឆ្លង COVID-19 នៅអាល្លឺម៉ង់កើនដល់ជិត២០០នាក់, អាជ្ញាធរកំពុងចាត់វិធានការទប់ទល់យ៉ាងក្តៅគគុក

04-03-2020 08:24

(ប៊ែរឡាំង)៖ ចំនួនមនុស្សដែលត្រូវបានក្រុមជំនាញអាល្លឺម៉ង់រកឃើញថា មានផ្ទុកមេរោគក៏កាចសាហាវ COVID-19 នៅក្នុងខ្លួននោះ បានកើនឡើងដល់ ១៨៨នាក់ហើយ ដែលករណីឆ្លងភាគច្រើនគឺកើតមាននៅក្នុងរដ្ឋ ណតស៍រ៉ាញវែសផេលៀ (North-Rhine Westphalia) ជាទីដែលវីរុសកូរ៉ូណាថ្មីនេះ ផ្ទុះករណីឆ្លងដំបូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០។

យោងតាមវិទ្យាស្ថានគ្រប់គ្រង់ និងទប់ស្កាត់ជំងឺឆ្លងអាល្លឺម៉ង់ហៅកាត់ថា RKI បានឲ្យដឹងថា «ពេលនេះអាល្លឺម៉ង់កំពុងតែប្រឈមមុខជាមួយវីរុស ដែលបានរីករាលដាលទៅកាន់ផ្នែកជាច្រើន នៅលើសកលលោករួចទៅហើយ ដោយវាប្រហែលជាមិនងាយរលាយបាត់ទៅវិញនោះទេ។ ប្រទេសអាល្លឺម៉ង់នឹងខិតខំ ឲ្យអស់ពីសមត្ថភាពតែម្តង ដើម្បីកាត់បន្ថយអត្រាឆ្លងរាលដាល ឲ្យបានយ៉ាងហោចណាស់ក្នុងអំឡុងប៉ុន្មានសប្តាហ៍ ឬខែខាងមុខ...»

គួរបញ្ជាក់ថា អាជ្ញាធរអាល្លឺម៉ង់បានចាត់វិធានការ ត្រួតពិនិត្យសុខភាព ទៅលើអ្នកដំណើរដែលចូលមកកាន់ប្រទេសនេះ ជាពិសេសអ្នកដំណើរ ពីប្រទេសដែលកំពុងមាន ការឆ្លង COVID-19 ខ្លាំងក្លាជាងគេ។ មិនខុសពីប្រទេសមួយចំនួននោះឡើយ បុគ្គលិកក្រុមហ៊ុន មន្ត្រីរដ្ឋាភិបាល ឬក៏ថ្នាក់រៀនមួយចំនួន ត្រូវបានណែនាំឲ្យប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីបំពេញការងារ និងសិក្សារៀនសូត្រពីផ្ទះជាបណ្តោះអាសន្ន ដើម្បីបង្ការការឆ្លងមេរោគនេះ៕