Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង សង្កត់ធ្ងន់ពីសារៈសំខាន់នៃបច្ចេកវិទ្យា និងវិទ្យាសាស្ត្រដើម្បីទប់ទល់មេរោគឆ្លង COVID-19 (Video inside)

03-03-2020 16:13

(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃតួនាទីរបស់ក្រុមស្រាវជ្រាវបែបវិទ្យាសាស្ត្រជឿនលឿន ទៅលើជំងឺឆ្លង COVID-19 ដើម្បីយកឈ្នះមេរោគដ៏កាចសាហាវមួយនេះក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០។

លោក ស៊ី ជិនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនផងដែរនោះ បានធ្វើការកត់សម្គាល់ដូចខាងលើ ក្នុងឱកាសដំណើរទស្សនកិច្ចរបស់លោក ទៅកាន់បណ្ឌិតសភាវិទ្យាសាស្ត្រ-វេជ្ជសាស្ត្រយោធា និងសាលាវេជ្ជសាស្ត្រនៅសកលវិទ្យាល័យស៊ីងហួ ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទម្សិលមិញ។

នៅក្នុងកំឡុងពេលដំណើរស្សនកិច្ចនេះ លោក ស៊ី ជិនពីង បានសិក្សាស្វែងយល់អំពីវឌ្ឈនភាពនៃការស្រាវជ្រាវ និងការអនុវត្តន៍ការចាក់វ៉ាក់សាំង ព្រមទាំងឧបករណ៍ធ្វើតេស្តរហ័សផងដែរ។ ក្នុងនាមគណៈកម្មាធិការកណ្តាល របស់បក្សកុម្មុយនិស្តចិន លោក ស៊ី ជិនពីង បានសម្តែងការដឹងគុណ និងស្វាគមន៍យ៉ាងស្មោះស្ម័គ្រ ចំពោះបុគ្គលិកផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជួរមុខទាំងអស់របស់ចិន។

ទន្ទឹមគ្នានោះដែរលោកប្រធានាធិបតី ស៊ី ជីនពីង បានលើកឡើងយ៉ាងដូច្នេះថា «វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគឺជាអាវុធដ៏មានឥទ្ធិពលបំផុត នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ។ មនុស្សជាតិមិនអាចយកឈ្នះលើគ្រោះមហន្តរាយ ឬជំងឺរាតត្បាតបានឡើយ បើគ្មានការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ និងការច្នៃប្រឌិតបច្ចេកវិទ្យាទេនោះ»។

លើសពីនោះលោកប្រធានាធិបតីចិនក៏បានបង្អុលបង្ហាញដែរថា បច្ចេកវិទ្យាថ្មីទាំងអស់ រួមទាំងបញ្ញាសិប្បនិម្មិត (AI) និងទិន្នន័យធំ (Big data) ផងដែរ គួរតែត្រូវបានយកមកប្រើប្រាស់ ដើម្បីស្វែងយល់ឲ្យបានកាន់តែច្បាស់ ពីប្រភពពិតប្រាកដនៃជំងឺរាតត្បាតនេះ ហើយថាតើវានឹងវិវឌ្ឍយ៉ាងដូចម្តេច។ ជាមួយគ្នានេះលោក ស៊ី ក៏បានអំពាវនាវដល់បណ្តាប្រទេសទាំងអស់លើលោក ឲ្យចែករំលែកទិន្នន័យស្រាវជ្រាវ និងអំពាវនាវឲ្យធ្វើការរួមគ្នា ដើម្បីចូលរួមកសាងសហគមន៍មនុស្សជាតិមួយជាមួយគ្នា៕