(ហ្សាការតា)៖ ភ្នំភ្លើងមើរ៉ាពី (Merapi) ដ៏ល្បីល្បាញរបស់ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើងយ៉ាងកក្រើក និងជះកម្អែលផេះកប់ផ្ទៃអាកាសក្នុងរយៈកម្ពស់ដល់ទៅ ០៦គីឡូម៉ែត្រឯណោះ ហើយផ្ទះសម្បែងប្រជាជនដែលរស់នៅជុំវិញនោះ ត្រូវបានផេះគ្របសង្កត់អស់ទៅហើយ។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០។
មើរ៉ាពីគឺជាភ្នំភ្លើងសកម្មមួយ ដែលស្ថិតនៅចម្ងាយ ៣០គីឡូម៉ែត្រពីទីក្រុង យ៉ូកយ៉ាការតា (Yogyakarta) នៃកោះជ្វា។ អាជ្ញាធរឥណ្ឌូណេស៊ីបានចេញការប្រកាសអាសន្នកម្រិតខ្ពស់ ចំពោះភ្នំឡើងមួយនេះ ដោយតម្រូវឲ្យអាកាសចរណ៍នានាមានការប្រុងប្រយ័ត្នខ្ពស់ និងប្រជាជនត្រូវជម្លៀសចេញជាបន្ទាន់ពីតំបន់ជុំវិញភ្នំភ្លើង។
គួរបញ្ជាក់ថា ភ្នំភ្លើងមើរ៉ាពីបានផ្ទុះឡើងនៅវេលាម៉ោង ៥៖២២ព្រឹកព្រហាមថ្ងៃអង្គារនេះ តែម្តង ដោយសកម្មភាពដ៏ពុះកញ្ជ្រោលរបស់វាមានរយៈពេលជិត ៨នាទីឯណោះ។ ដោយឡែកកម្អែលផេះវិញត្រូវបានគេរាយការណ៍ថា បានគ្របដណ្តប់ពាសពេញលើតំបន់ជុំវិញ ភ្នំភ្លើង ក្នុងរង្វង់ប្រមាណ ១០គីឡូម៉ែត្រ៕