(តេហេរ៉ង់)៖ យោងតាមរបាយការណ៍ចុងក្រោយបំផុត ដែលចេញផ្សាយដោយក្រសួងសុខាភិបាលអ៉ីរ៉ង់កាលពីយប់ថ្ងៃចន្ទ តួលេខអ្នកដែលបានឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសអ៉ីរ៉ង់បានកើនដល់ជាង១,៥០០ករណី ក្នុងនោះ៦៦នាក់ស្លាប់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលអ៉ីរ៉ង់បានប្រកាសដូច្នេះថា «តួលេខផ្លូវការចុងក្រោយបំផុត នៃអ្នកដែលបានឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសអ៉ីរ៉ង់គឺចំនួន ១,៥០១ករណីរីឯតួលេខអ្នកស្លាប់គឺ ៦៦នាក់ ក្រោយមានការឆ្លងថ្មីចំនួន ៥២៣នាក់ និង ស្លាប់១២នាក់ថ្មីបន្ថែមទៀត។ ដោយឡែក ក្នុងចំណោមជាង១,៥០១ករណីនោះ ក៏មាន២៩១នាក់ជាសះស្បើយផងដែរ»។
គួរជម្រាបថា ក្នុងថ្ងៃចន្ទម្សិលមិញដដែលមានព័ត៌មានថា សមាជិកម្នាក់ នៃក្រុមប្រឹក្សាពិគ្រោះយោបល់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ ទើបតែបានស្លាប់ក្រោយឆ្លងជំងឺ COVID-19។ កន្លងទៅនេះ អនុរដ្ឋមន្រ្តីសុខាភិបាលម្នាក់ សមាជិកសភាម្នាក់ និងអនុប្រធានាធិបតីម្នាក់របស់ប្រទេសអ៉ីរ៉ង់ក៏បានឆ្លងជំងឺ COVID-19 ផងដែរ ខណៈអ្នកទាំងពីរកំពុងទទួលការព្យាបាល។ អ៉ីរ៉ង់បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ដំបូងកាលពីថ្ងៃទី១៨ ខែកុម្ភៈ នៅទីក្រុងក៉ុម (Qom) និងជាប្រទេសដែលមានករណីស្លាប់ច្រើនបំផុត ដោយសារមេរោគនេះបន្ទាប់ពីចិន៕