(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននាព្រឹកថ្ងៃអង្គារនេះ បានប្រកាសឲ្យដឹងថា ចំនួនអ្នកបាត់បង់ជីវិតដោយសារជំងឺឆ្លង COVID-19 នៅក្នុងតំបន់ និងខេត្តចំនួន ៣១ របស់ប្រទេសចិនបានបន្តកើនដល់ ២,៩៤៣នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ៨០,១៥១ករណី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០។
យោងតាមរបាយការណ៍ប្រចាំថ្ងៃអង្គារនេះ របស់គណៈកម្មការជាតិសុខាភិបាលចិន ពេញមួយថ្ងៃចន្ទម្សិលមិញនេះ មនុស្សចំនួន ១២៩នាក់បន្ថែមទៀត ត្រូវបានធ្វើតេស្តឃើញថា មានផ្ទុកមេរោគ COVID-19 ហើយស្របពេលជាមួយគ្នាអ្នកជំងឺ ៣១នាក់បានបាត់បង់ជីវិត។
គួរជម្រាបថា មនុស្សសរុប ៥៨៧នាក់ទៀតកំពុងស្ថិតនៅក្នុងការពិនិត្យ ដើម្បីរកមើលថា តើពួកគេមានផ្ទុកមេរោគកូរ៉ណាថ្មី ឬ COVID-19 ដែរឬមួយក៏អត់។ តួលេខខាងលើនេះ បានបង្ហាញពីការធ្លាក់ចុះនូវចំនួនមនុស្សស្លាប់ និងឆ្លងប្រចាំថ្ងៃយ៉ាងច្រើនបន្ថែមទៀត នៅទូទាំងប្រទេសចិន៕