(បរទេស)៖ ក្រុមអ្នកស្រាវជ្រាវទើបតែរកឃើញកោះថ្មីមួយ នៅក្នុងចង្កោមទ្វីបអង់តាក់ទិច ក្រោយការរលាយទឹកកកជាបន្តបន្ទាប់នៅទីនោះ ដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយព័ត៌មាន Space នៅល្ងាចថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញវត្តមានកោះខាងលើ ពេលធ្វើដំណើរនៅក្បែរកោះផ្ទាំងទឹកកកយក្ស ផាញ (Pine Island) នៃទ្វីបអង់តាកទិច ដែលស្ថិតនៅប៉ូលខាងត្បូងភពផែនដី។ កោះតូចមួយនោះ មានបណ្តោយប្រវែងតែ ៣៥០ម៉ែត្រប៉ុណ្ណោះ ហើយភាគច្រើននៅបន្តគ្របដណ្តប់ដោយទឹកកក ប៉ុន្តែផ្នែកខ្លះរបស់វាដែលមានពណ៌ត្នោត ត្រូវបានមើលឃើញ។
គួរជម្រាបថា ក្រុមអ្នកស្រាវច្រាវបានដាក់ឈ្មោះឲ្យកូនកោះនោះថា ស៊ីហ្វ (Sif) តាមឈ្មោះអាទិទេពស្រីក្នុងទេវកថា ណស (Norse)។ បើតាមពួកគេ កោះ Sif នេះ កកើតឡើងពីសំណល់នៃកម្អែរភ្នំភ្លើង។ សព្វថ្ងៃនេះបញ្ហាកើនឡើងកម្តៅសកល កំពុងបង្កឲ្យផ្ទាំងទឹកកកនៅតំបន់ប៉ូលផែនដីរលាយ នៅក្នុងកម្រិតយ៉ាងឆាប់រហ័ស ដែលគួរឲ្យព្រួយបារម្ភជាខ្លាំង។ ផ្ទាំងទឹកកក Pine Island ដែលកោះ Sif ស្ថិតនៅ បាននិងកំពុងបាត់បង់ទឹកកកទម្ងន់ប្រមាណ ៥៨ពាន់លានតោនក្នុងមួយឆ្នាំៗ ហើយថ្មីៗនេះដុំទឹកកក មានទំហំប៉ុនរដ្ឋធានីវ៉ាស៊ីនតោនរបស់សហរដ្ឋអាមេរិកពីរដង ទើបតែរបេះចេញពីទីនោះ៕