News Update: អាវុធដែលកូរ៉េខាងជើងទើបធ្វើតេស្តនោះ គឺជាគ្រាប់មីស៊ីលផ្លោងបាលីស្ទីករយៈចម្ងាយខ្លី (Video inside)
02-03-2020 18:33
(សេអ៊ូល)៖ នៅថ្ងៃចន្ទនេះប្រទេសកូរ៉េខាងជើង បានបង្កការភ្ញាក់ផ្អើលជាថ្មី ដោយការបាញ់តេស្ត «គ្រាប់មីស៊ីលផ្លោងបាលីស្ទិករយៈចម្ងាយខ្លី» ចំនួនពីរគ្រាប់ ធ្លាក់ចូលទៅក្នុងដែនសមុទ្រភាគខាងកើត នៅវេលាម៉ោង ១២៖៣៧នាទីថ្ងៃត្រង់ (ម៉ោងនៅទីក្រុងសេអ៊ូល)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នាល្ងាចថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០។
គ្រាប់មីស៊ីលទាំងពីរគ្រាប់ខាងលើនេះ ត្រូវបានបាញ់ចេញពីតំបន់វ៉ុនសាន (Wonsan) ស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសកូរ៉េខាងជើង ដោយវាបានហោះឡើងក្នុងរយៈកម្ពស់ ៣៥គីឡូម៉ែត្ររួចទើបធ្លាក់ទៅក្នុងដែនទឹក នៃសមុទ្រខាងកើត (East Sea) តែម្តង។
មន្ត្រីជំនាញយោធាកូរ៉េខាងត្បូង ដែលកំពុងតាមដានសកម្មភាពកូរ៉េខាងជើង បានលើកឡើងថា នេះជាគឺជាការធ្វើតេស្តដំបូង គិតចាប់តាំងពីការព្រមានរបស់ទីក្រុងព្យុងយ៉ាង ក្នុងការធ្វើតេស្តអាវុធយុទ្ធសាស្ត្រ កាលពីដើមឆ្នាំ២០២០។ បើតាមមន្ត្រីជំនាញកូរ៉េខាងត្បូង អាវុធយុទ្ធសាស្ត្ររបស់ កូរ៉េខាងជើងលើនេះ គឺមិនខុសពីអាវុធដែលធ្លាប់បានបាញ់តេស្តកាលពីឆ្នាំ២០១៩ នោះឡើយ ហើយវាទំនងជាត្រូវបានបាញ់ចេញពីម៉ាស៊ីនបាញ់រ៉ុក្កែត។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានប្រកាសអំពីការធ្វើសមយុទ្ធយោធាមួយ កាលពីសប្តាហ៍មុននេះ ដោយមានលោក គីម ជុងអ៊ុន ជាអ្នកបញ្ជាផ្ទាល់។ ក្រៅពីការធ្វើតេស្ត លោក គីម ក៏បានបញ្ជាឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់ ទប់ស្តាត់វីរុសកូរ៉ូណាថ្មី ឬ COVID-19 ផងដែរ ខណៈប្រទេសដ៏ឯកោមួយនេះមិនទាន់ទទួលស្គាល់ថា មានអ្នកឆ្លងមេរោគនេះនៅក្នុងប្រទេសរបស់ខ្លួននោះឡើយ៕