(សេអ៊ូល)៖ មេដឹកនាំក្រុមសាសនាមួយ ដែលជាប់ពាក់ព័ន្ធនឹងករណីឆ្លង COVID-19 ប្រមាណជាពាក់កណ្តាលនៅក្នុងប្រទេសកូរ៉េខាងត្បូង នាថ្ងៃចន្ទនេះបានចេញមុខសុំទោស ចំពោះការឆ្លងរីករាលដាលយ៉ាងឆាប់រហ័សបំផុត នៃជំងឺនេះនៅកូរ៉េខាងត្បូង ជាពិសេសទីក្រុងដេគូ (Daegu) និងខេត្តគ្យុងសាងខាងជើង។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០។
លោក លី ម៉ាហ៊ី (Lee Mah-hee) ដែលជាមេដឹកនាំក្រុមសាសនាហៅថា ស៊ីនជុនជី (Shincheonji) បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំពិតជាសុំទោសដោយស្មោះអស់ពីចិត្ត ចំពោះប្រជាជនកូរ៉េខាងត្បូងទាំងអស់» ហើយលោកក៏បានលុតជង្គង់ចុះ រួចឱនក្បាលក្រាបដល់ឥដ្ឋ នៅចំពោះមុខបណ្តាក្រុមអ្នកសារព័ត៌មាន។ ជាមួយគ្នានេះ លោក Lee ក៏បានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ផងដែរ ខណៈរូបលោកបានបញ្ជាក់ថា លោកត្រូវគេធ្វើតេស្តឃើញថា មិនបានឆ្លងជំងឺនេះឡើយ។
គួរជម្រាបថា មួយចំណែកធំនៃករណីឆ្លង COVID-19 ច្រើនជាង ៤,០០០ករណី នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាចំនួនច្រើនបំផុតនៅក្រៅប្រទេសចិន ហើយកំពុងតែបន្តរីកធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃនោះ គឺមានការជាប់ពាក់ព័ន្ធនឹងក្រុមសាសនា Shincheonji នេះឯង។
បច្ចុប្បន្នចំនួនករណីឆ្លង COVID-19 នៅកូរ៉េខាងត្បូងបានកើនឡើងលើសពី ៤,៣០០ករណីហើយ ហើយក្នុងនោះមាន ២៦នាក់បាត់បង់ជីវិត ដែលភាគច្រើនជាជនចាស់ជរា និងមានជំងឺធ្ងន់ប្រចាំកាយស្រាប់ ខណៈតំបន់ដែលមានការរីករាលដាលខ្លាំង គឺទីក្រុង ដេគូ (Daegu) និងខេត្តគ្យុងសាងខាងជើង (North Gyeongsang) ដែលស្ថិតនៅជាប់គ្នា៕