(បាកដាដ)៖ ទោះករណីមួយចំនួននៃអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 ត្រូវបានរាយការណ៍នៅក្នុងប្រទេសអ៉ីរ៉ាក់រួចមកហើយក៏ដោយ ក៏ចលនាបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ដែលបានផ្ទុះឡើងអស់រយៈពេលជាច្រើនខែ មុនការរាតត្បាតនៃជំងឺនេះទៅទៀតនោះ នៅតែបន្តមានសកម្មភាពដដែល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០។

កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រុមបាតុករបានប្រមូលផ្តុំគ្នាតវ៉ានៅរដ្ឋធានីបាកដាដ និងនៅក្រុងឌីវ៉ានីយ៉ា (Diwaniya) ដើម្បីទាមទារឲ្យមានការធ្វើកំណែ ទម្រង់រដ្ឋាភិបាល ខណៈក្រុមអ្នកតវ៉ាបានលើកឡើងថា ពួកគេបានប្រឈមនឹងការគំរាមកំហែងយ៉ាងអាក្រក់ជាងជំងឺ COVID-19 ទៅទៀត។ គិតចាប់តាំងតែពីខែតុលា ឆ្នាំ២០១៩ មនុស្សប្រមាណ ៥៥០នាក់បានស្លាប់ និង ៣០,០០០នាក់បានរងរបួស ដែលភាគច្រើនជាក្រុមបាតុករ។

ក្រុមបាតុករដែលភាគច្រើនជានិស្សិតបាននិយាយថា វីរុសពិតប្រាកដនៅក្នុងប្រទេសរបស់ពួកគេ គឺជាអ្នកនយោបាយអ៉ីរ៉ាក់ ដែលគ្រោះថ្នាក់ខ្លាំងដាច់ឆ្ងាយតែម្តង បើធៀបជាមួយវីរុសកូរ៉ូណាថ្មី ហើយវីរុសអ្នកនយោបាយនេះហើយ គឺជាអ្វីដែលពួកគេចង់កម្ចាត់ចោលឲ្យបាន មុនពេលវាបំផ្លាញប្រទេសអ៉ីរ៉ាក់។

គួរជម្រាបថា បច្ចុប្បន្នចំនួនអ្នកដែលបានឆ្លងជំងឺ COVID-19 ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មី នៅក្នុងប្រទេសអ៉ីរ៉ាក់គឺ ១៩នាក់ ប៉ុន្តែពុំទាន់មានករណីស្លាប់នៅឡើយទេ៕