(ប៉េកាំង)៖ អាជ្ញាធរទីក្រុងប៉េកាំងបានរាយការណ៍ឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធរបស់ចិន បានបញ្ជូនអ្នកជំនាញផ្នែកវេជ្ជសាស្រ្តរបស់ខ្លួនជាង ៤,០០០នាក់ហើយទៅកាន់ទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ដែលជាចំណុចកណ្តាលនៃការរាតត្បាត COVID-19 ដើម្បីប្រយុទ្ធនឹងជំងឺឆ្លងដ៏កាចសាហាវមួយនះ រាប់ចាប់តាំងពីថ្ងៃទី ២៤ ខែមករា មកដល់ដើមខែមីនា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០។
លោក ជិន ជីងយាន (Chen Jingyuan) ដែលជាប្រធានមន្ទីរសុខាភិបាល នៃអគ្គនាយកដ្ឋានភស្តុភារ របស់គណៈកម្មាធិការយោធាមជ្ឈិម បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយ នៅឯទីក្រុងប៉េកាំងនាថ្ងៃចន្ទនេះយ៉ាងដូច្នេះថា «ក្រុមគ្រូពេទ្យយោធាទាំងនោះ ត្រូវបានបង្កើតចេញជាកងកម្លាំងជំនួយមួយ ដែលរួមមានអង្គភាពអ្នកដឹកនាំ អង្គភាពជំនួយខាងផ្នែកដឹកជញ្ជូន និងអង្គភាពបុគ្គលិកពេទ្យជួរមុខ»។
លោកជិន ក៏បានគូសបញ្ជាក់ផងដែរថា ការបញ្ជូនទាហានយោធាខាងលើ ត្រូវបានធ្វើឡើងជាបីដំណាក់កាល ឬជាបីក្រុម។ ក្រុមទីមួយមានចំនួន ៤៥០នាក់ បានចេញដំណើរទៅទីក្រុងវូហាន កាលពីថ្ងៃទី ២៤ ខែមករាដែលចំថ្ងៃចូលឆ្នាំចិន ហើយក្រុមទីពីរ គឺមានចំនួន ៩៥០នាក់នៅពីថ្ងៃទី ០២ ខែកម្ភៈកន្លងទៅនេះ។ សម្រាប់ក្រុមចុងក្រោយមានចំនួន ២,៦០០នាក់បានចេញដំណើរទៅទីក្រុងវូហាន កាលពីថ្ងៃទី ១៣ កម្ភៈកន្លងទៅនេះដែរ។
គួរជម្រាបថា បើតាមរបាយការណ៍ថ្មីនៅព្រឹកថ្ងៃចន្ទនេះ ចំនួនសរុបនៃអ្នកឆ្លងជំងឺ COVID-19 នៅតាមបណ្តាខេត្តនិងតំបន់ចំនួន ៣១ នៃប្រទេសចិនបានកើនដល់ ៨០,០២៦ករណី ដោយក្នុងនោះចំនួនអ្នកស្លាប់បានកើនដល់ ២,៩១២នាក់ ប៉ុន្តែខេត្តហ៊ូប៉ី (Hubei) រ៉ាប់រងស្ទើរតែទាំងអស់នៃករណីទាំងនេះ៕