BREAKING NEWS: កូរ៉េខាងជើងបាញ់តេស្តអាវុធជាថ្មីទៀតហើយ! (Video inside)
02-03-2020 11:08
(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបាញ់តេស្ត អាវុធថ្មីមួយប្រភេទទៀតហើយ នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ថា វាជាគ្រាប់មីស៊ីល ឬអាវុធប្រភេទអ្វីឲ្យប្រាកដនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP។
សារព័ត៌មានខាងលើបានបន្តទៀតថា នៅព្រឹកថ្ងៃចន្ទនេះកូរ៉េខាងជើង បានបាញ់អាវុធ រហូតដល់ទៅ ០២គ្រាប់ឯណោះ ខណៈប្រភេទនៃអាវុធ និងរយៈចម្ងាយដែលអាវុធ ទាំងនោះអាចហោះបាន ក្រុមជំនាញយោធាកូរ៉េខាងត្បូង កំពុងធ្វើការពិនិត្យ និងគណនានៅឡើយ។
គួរបញ្ជាក់ថា អាវុធទាំងពីរគ្រាប់ខាងលើនេះ ត្រូវបានបាញ់ចេញពីតំបន់ វ៉ុនសាន (Wonsan) ស្ថិតនៅបណ្តោយឆ្នេរភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង។ វាគឺជាការធ្វើតេស្តលើកដំបូងហើយសម្រាប់កូរ៉េខាងជើង គិតចាប់តាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ និងកើតមានឡើងបន្ទាប់ពីកូរ៉េខាងជើងរៀបចំសមយុទ្ធយោធា ទ្រង់ទ្រាយធំមួយកាលពីសប្តាហ៍មុន ដោយមានលោក គីម ជុងអ៊ុន ជាអ្នកបញ្ជាផ្ទាល់៕