(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូងបានរាយការណ៍ឲ្យដឹងនាថ្ងៃចន្ទនេះថា ពួកគេនឹងផ្តោតការយកចិត្តទុកដាក់ព្យាបាល ឲ្យកាន់តែខ្លាំងក្លាជាងមុនបន្ថែមទៀតលើករណីធ្ងន់ធ្ងរ នៃការអ្នកជំងឺ COVID-19 ជាពិសេសគឺទៅលើមនុស្សចាស់ជរា និងអ្នកដែលមានបញ្ហាសុខភាពរុំារ៉ៃពីមុនមកស្រាប់។ នេះបើតាមការចេញដោយទីភ្នាក់ងារសារព័ត៌មាន Yonhap នាព្រឹកថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០។
យោងតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺដែលហៅកាត់ថា KCDC បានឲ្យដឹងថា ស្របតាមគោលការណ៍ឆ្លើយតប និងសេចក្តីណែនាំថ្មី សម្រាប់ការព្យបាលជំងឺអ្នកជំងឺ COVID-19 ទាំងអស់នឹងត្រូវទទួលបានការព្យាបាល អាស្រ័យលើភាពធ្ងន់ធ្ងរនៃរោគសញ្ញាផ្ទាល់។ ប្រការនេះមានន័យថា សម្រាប់អ្នកជំងឺដែលមានអការៈមិនសូវជាធ្ងន់ធ្ងរ គេគ្រាន់តែផ្តល់ជូននូវថ្នាំសង្កូវដើម្បីជួយសម្រាលរោគសញ្ញា ខណៈពេលដែលអ្នកជំងឺដែលមានអការៈធ្ងន់ធ្ងរ នឹងត្រូវឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយមានគ្រូពេទ្យមើលថែទាំយ៉ាងដិតដល់បំផុត។
លោក ជុង អ៊ឺនគ្យុង (Jeong Eun-kyeong) ដែលជាប្រធាន KCDC បានមានប្រសាសន៍ថា «អ្នកជំងឺរលាកសួតប្រភេទថ្មីនេះ ឬ COVID-19 ប្រមាណ៨០% គឺមិនមានលក្ខណៈធ្ងន់ធ្ងរទេ ហើយក៏អាចព្យាបាលឲ្យជាសះស្បើយបានទាំងស្រុងផងដែរ។ តែទោះជាយ៉ាងណា ការព្យាបាលឲ្យកាន់សកម្មបន្ថែមទៀត គឺជាការចាំបាច់សម្រាប់មនុស្សចាស់ជរា និងអ្នកជំងឺដែលមានជំងឺប្រចាំកាយស្រាប់ ដូចជាអ្នកជំងឺទឹកនោមផ្អែមជាដើម ព្រោះពួកគេទាំងនោះអាចធ្លាក់ខ្លួនឈឺកាន់តែខ្លាំង ឬអាចស្លាប់ក៏ថាបាន»។
ប្រធានអាជ្ញាធរសុខាភិបាល KCDC ខាងលើនេះបានបន្ថែមទៀតថា អ្នកជំងឺ COVID-19 ដែលមានរោគសញ្ញាស្រាល នឹងត្រូវដាក់ឲ្យនៅព្យាបាលក្នុងមណ្ឌលព្យាបាលសហគមន៍ តែនៅពេលដែលមានរោគសញ្ញាកាន់តែយ៉ាប់យ៉ឺន ពួកគេនឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
ជាការកត់សម្គាល់ វិធានការនេះត្រូវបានដាក់ចេញ នៅចំពេលដែលមានការព្រួយបារម្ភថា តំបន់ដែលរងគ្រោះដោយសារ COVID-19 ធ្ងន់ធ្ងរជាងគេបំផុតរបស់ប្រទេសនេះ គឺតំបន់ដេគូ (Daegu) កំពុងតែខ្វះខាតគ្រែសម្រាប់អ្នកជំងឺ និងបុគ្គលិកពេទ្យ។
គួរជម្រាបជូនថា រហូតមកទល់នឹងព្រឹកថ្ងៃចន្ទសប្តាហ៍ថ្មីនេះ មានសេចក្តីរាយការណ៍ថា កូរ៉េខាងត្បូងមានអ្នកឆ្លង COVID-19 សរុបចំនួន៤,២១២នាក់ហើយ ខណៈតួលេខអ្នកស្លាប់សរុបមានចំនួន២២នាក់នៅទូទាំងប្រទេស ប៉ុន្តែទីក្រុងដេគូ និងខេត្តគ្យុងសាងខាងជើងដែលស្ថិតនៅជាប់គ្នា គឺនៅតែជាតំបន់រងគ្រោះធ្ងន់ធ្ងរបំផុត៕