(តេហេរ៉ង់)៖ ក្រសួងសុខាភិបាលអ៉ីរ៉ង់បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងប្រទេសបានកើនដល់ ៥៤នាក់ ខណៈករណីឆ្លងកើនដល់ ៩៧៨ករណីត្រឹមរយៈពេលមួយយប់ថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Global News នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០។
បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាលអ៉ីរ៉ង់ លោក ឃីយ៉ានួស ហ្សាហាន់ភើ (Kianoush Jahanpour) ករណីឆ្លងថ្មីៗខាងលើត្រូវបានរកឃើញនៅក្នុងទីក្រុងមួយបន្ថែមទៀត ក្នុងនោះរួមទាំងទីក្រុង ម៉ាសហេដ (Mashhad) ជាទីដែលសម្បូរទៅដោយទីសក្ការៈសាសនាឥស្លាម សម្រាប់អ្នកកាន់និកាយស៊ីអ៉ីត នៅក្នុងតំបន់ជួបជុំគ្នាដើម្បីប្រារព្ធពីបុណ្យនានារបស់ពួកគេ។
គួរជម្រាបថា កាលពីថ្ងៃអាទិត្យ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់បានឱ្យដឹងថា ជើងហោះហើរទាំងទៅនិងមកទីក្រុង រ៉ាសត៍ (Rasht) នៃខេត្តហ្គីឡេន (Gilan) ស្ថិតនៅភាគខាងជើងនៃប្រទេស ត្រូវផ្អាកជាបណ្ដោះអាសន្ន ដោយមិនបញ្ជាក់ពីមូលហេតុនោះទេ។ ប៉ុន្តែតំបន់ជាច្រើននៃនៅក្នុងខេត្តមួយនេះ គឺមានចំនួនអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេបន្ទាប់ពីទីក្រុង កុម (Qom) ជាទីដែលជំងឺឆ្លងដ៏សាហាវនេះត្រូវបានគេរកឃើញដំបូងគេនៅអ៉ីរ៉ង់៕