(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងចាប់ផ្ដើមធ្វើការត្រួតពិនិត្យ ដើម្បីស្វែងរកវីរុសកូរ៉ូណាថ្មី ឬ COVID-19 លើមនុស្សទាំងឡាយដែលធ្វើដំណើរមក ដល់ទឹកដីរបស់ខ្លួន ព្រមទាំងបង្កើនការផលិតម៉ាស ក៏ដូចជាការធ្វើតេស្ដករណីសង្ស័យ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងនេះ ខណៈមានសេចក្ដីរាយការណ៍ ពីមនុស្សស្លាប់ទី២ ហើយសនិ្នសីទធុរៈកិច្ច និងជើងហោះហើរជាច្រើនត្រូវបានលុបចោល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០។
ការប្រកាសពីការបង្កើនកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធនឹងជំងឺឆ្លង COVID-19 កើតមានឡើងបន្ទាប់ពីក្រុមមន្រ្តីសុខាភិបាលអាមេរិក បានរាយការណ៍ ពីករណីបុរសម្នាក់មានអាយុ៥០ឆ្នាំ រស់នៅក្នុងរដ្ឋវ៉ាស៊ីនតោនស្ទេត ដែលមានបញ្ហាសុខភាពស្រាប់ បានបាត់បង់ជីវិត កាលពីចុងសប្ដាហ៍កន្លងទៅ ហើយនេះគឺជា ករណីស្លាប់ដំបូងបំផុតដោយសារជំងឺ COVID-19 នៅលើទឹកដីអាមេរិក។
បន្ថែមពីខាងលើ នៅថ្ងៃចន្ទនេះប្រព័ន្ធផ្សព្វផ្សាយអាមេរិក ក៏បានអះអាងផងដែរពីករណីមនុស្សស្លាប់ទី២ ដោយសារ COVID-19 ប៉ុន្តែករណីស្លាប់លើកនេះ និងកាលពីចុងសប្ដាហ៍កន្លងទៅ អាជ្ញាធរអាមេរិកនៅមិនទាន់មានការបញ្ជាក់លម្អិតថា តើអ្នកជំងឺទាំងពីរឆ្លងជំងឺ COVID-19 ដោយរបៀបណានោះទេ។
គួរបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិកមានករណីឆ្លងជំងឺ COVID-19 ជាង៧០ករណី ដែលភាគច្រើនត្រូវបានរកឃើញនៅក្នុងបណ្តារដ្ឋ ស្ថិតនៅតំបន់ឆ្នេរភាគខាងលិចនៃប្រទេស៕