(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននាព្រឹកថ្ងៃចន្ទនេះ បានប្រកាសឲ្យដឹងថា ចំនួនអ្នកបាត់បង់ជីវិតដោយសារជំងឺឆ្លង COVID-19 នៅក្នុងតំបន់ និងខេត្តចំនួន ៣១ របស់ប្រទេសចិនបានបន្តកើនដល់ ២,៩១២នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ៨០,០២ករណី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០។
យោងតាមរបាយការណ៍ប្រចាំថ្ងៃចន្ទនេះរបស់គណៈកម្មការជាតិសុខាភិបាលចិន ពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ មនុស្សចំនួន ២០២នាក់បន្ថែមទៀត ត្រូវបានធ្វើតេស្តឃើញថា មានផ្ទុកមេរោគ COVID-19 ហើយស្របពេលជាមួយគ្នាអ្នកជំងឺ ៤២នាក់បានបាត់បង់ជីវិត។
គួរជម្រាបថា អ្នកជំងឺដែលបានស្លាប់ទាំង ៤២នាក់ខាងលើនេះ គឺស្ថិតនៅក្នុងខេត្តហ៊ូប៉ីទាំងអស់ ខណៈមនុស្សសរុប ៧១៥នាក់ទៀតកំពុងស្ថិតនៅក្នុងការពិនិត្យ ដើម្បីរកមើលថា តើពួកគេមានផ្ទុកមេរោគកូរ៉ណាថ្មី ឬ COVID-19 ដែរឬមួយក៏អត់៕