(សិង្ហបុរី)៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong នាថ្ងៃអាទិត្យនេះ បានសម្តែងការអបអរសាទរចំពោះលោក Muhyiddin Yassin សម្រាប់ការក្លាយជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសម៉ាឡេស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២០។
យោងតាមការបង្ហោះសារលើបណ្តាញសង្គម Facebook លោក Lee បានប្រាប់ថា លោកទើបតែបានហៅទូរស័ព្ទទៅកាន់លោក Muhyiddin ដើម្បីដើម្បីបង្ហាញការសាទររូបលោក ដែលបានឡើងជានាយករដ្ឋមន្រ្តីថ្មីរបស់ម៉ាឡេស៊ី។ លោក Lee ក៏បានរំឭកឡើង វិញនូវឱកាសដែលលោកបានជួបលោក Muhyiddin លើកដំបូង ក្នុងឆ្នាំ១៩៨៥ នៅពេលលោកបានអមដំណើរលោក Tony Tan ដែលកាលនោះជារដ្ឋមន្រ្តីពាណិជ្ជកម្មសិង្ហបុរី ទៅចូលរួមកិច្ចប្រជុំអាស៊ានមួយ ដែលរៀបចំឡើងនៅទីក្រុងគូឡាឡាំពួរ។ កាលនោះ លោក Muhyiddin ដែលមានតួនាទីជាអនុរដ្ឋមន្រ្តីពាណិជ្ជកម្មរបស់ម៉ាឡេស៊ី បានទៅរង់ចាំទទួលពួកលោកនៅព្រលានយន្តហោះ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីសិង្ហបុរី បានបន្តថា លោកមានទំនុកចិត្តខ្ពស់ថា ទំនាក់ទំនងដ៏រឹងមាំរវាងសិង្ហបុរីនិងម៉ាឡេស៊ី នឹងបន្តរីកចម្រើនទៅមុខថែមទៀតក្រោមការដឹកនាំរបស់លោក Muhyiddin ហើយផ្តល់ប្រយោជន៍ឲ្យប្រជាជននិងប្រជាជាតិរបស់ ប្រទេសទាំងសងខាង។ ជាចុងក្រោយ លោក Leen បានបញ្ជាក់ថា លោកក៏បានឆ្លៀតឱកាសអញ្ជើញ លោក Muhyiddin ឲ្យមក បំពេញទស្សនកិច្ចនៅសិង្ហបុរីឲ្យបានឆាប់ផងដែរ។
គួរជម្រាបថា លោក Muhyiddin Yassin បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីទី៨នៃប្រទេសម៉ាឡេស៊ី នៅថ្ងៃអាទិត្យនេះ ក្រោយភាពស្រពិចស្រពិលនៃស្ថានការណ៍នយោបាយ ដែលបង្កឡើងក្រោយការប្រកាសលាលែងពីតំណែងភ្លាមៗរបស់លោក Mahathir Mohamad៕