(អាមេនី)៖ ប្រទេសអាមេនី (Armenia) នាថ្ងៃអាទិត្យនេះ បានរាយការណ៍ពីការរកឃើញករណីដំបូងនៃអ្នកឆ្លងជំងឺ COVID-19 ដែល ជាអ្នកទើបធ្វើដំណើរមកពីប្រទេសអ៉ីរ៉ង់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២០។
យោងតាមសេចក្តីប្រកាសរបស់នាយករដ្ឋមន្រ្តីអាមេនី អ្នកឆ្លងជំងឺម្នាក់នោះ មានអាយុ២៩ឆ្នាំ បានធ្វើដំណើរចេញពីអ៉ីរ៉ង់ មកដល់ ប្រទេសអាមេនីវិញកាលពីថ្ងៃសុក្រសប្តាហ៍នេះ ហើយគាត់ក៏បានទៅរកគ្រូពេទ្យពិនិត្យ ក្រោយមានអារម្មណ៍មិនស្រួលខ្លួន។ ឥឡូ វ គាត់កំពុងទទួលការព្យាបាល និងស្ថិតក្នុងសភាពនឹងនរ។
គួរជម្រាបថា អាមេនីបានសម្រេចបិទព្រំដែនរបស់ខ្លួនជាមួយអ៉ីរ៉ង់រយៈពេល២សប្តាហ៍ ហើយក៏បានផ្អាកការធ្វើចរាចរណ៍តាមផ្លូវ អាកាសជាមួយគ្នា កាលពីមួយសប្តាហ៍មុនផងដែរ។ បច្ចុប្បន្ន អ៉ីរ៉ង់គឺជាចំណុចកណ្តាលនៃការផ្ទុះរាលដាលនូវជំងឺ COVID-19 នៅមជ្ឈិមបូព៌ា ដោយប្រទេសមួយចំនួននៅក្នុងតំបន់ បានរាយការណ៍ជាបន្តបន្ទាប់ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ដែល ធ្វើដំណើរមកពីប្រទេសអ៉ីរ៉ង់។ តួយ៉ាង ប្រទេស Georia និង Azerbaijan ដែលនៅជាប់ Armenia ក៏ទើបតែបានរាយការណ៍ពីអ្នក ឆ្លង COVID-19 នៅសប្តាហ៍នេះផងដែរ ដោយប្រទេសទាំងពីរមាន៣ករណីដូចគ្នា៕