(គូឡាឡាំពួរ)៖ លោក មហាធៀ មហាំម៉ាត់ (Mahathir Mohamad) នាថ្ងៃអាទិត្យនេះ បានស្នើឲ្យមានការបើកអង្គការប្រជុំមុនកាល កំណត់នៅក្នុងសភា ដើម្បីអនុញ្ញាតឲ្យសមាជិកសភាទាំងអស់បញ្ចេញសំឡេងជាផ្លូវការថា តើពួកគេគាំទ្រឬមួយមិនគាំទ្រលោក Muhyiddin Yassin ដែលត្រូវបានព្រះមហាក្សត្រម៉ាឡេស៊ីតែងតាំងជានាយករដ្ឋមន្រ្តីថ្មី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២០។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ មុនពិធីស្បថចូលកាន់តំណែងជាផ្លូវការរបស់លោក Muhyiddin លោក Mahathir នៅតែអះអាង ថា លោកមានសំឡេងគាំទ្រភាគច្រើននៅក្នុងសភា។ កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ លោកក៏បានបង្ហាញបញ្ជីឈ្មោះសមាជិកសភា ចំនួន១១៤នាក់ ដែលគាំទ្រឲ្យលោកបន្តធ្វើជានាយករដ្ឋមន្រ្តីរបស់ម៉ាឡេស៊ីថែមទៀតផងដែរ ក្រោយព្រះរាជវាំងម៉ាឡេស៊ីប្រកាសពីការតែងតាំងលោក Muhyiddin ជានាយករដ្ឋមន្រ្តីថ្មី។
លោក Mahathir បានគូសបញ្ជាក់ថា លោក Muhyiddin នឹងត្រូវស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មី ដូច្នេះជំហានបន្ទាប់គឺមានតែត្រូវរង់ចាំសភាបើកអង្គប្រជុំឲ្យបានឆាប់ ដើម្បីបង្ហាញសំឡេងជាផ្លូវការថា តើពួកគេគាំទ្រឬក៏មិនគាំទ្រលោក Muhyiddin។ បើតាមលោក Mahathir ខាងរដ្ឋាភិបាលអាចពន្យារពេលសម្រាប់រឿងនេះយូរ ប៉ុណ្ណាក៏បានដែរ ប៉ុន្តែបើបន្លាយយូរខ្លាំងពេកនោះ លោក Muhyiddin និងជានាយករដ្ឋមន្រ្តីថ្មី ដែលគ្មានការទទួលស្គាល់ពីសភា។
លោក Mahathir ក៏បានសង្កត់ធ្ងន់យ៉ាងដូច្នេះដែរថា «ខ្ញុំមានអារម្មណ៍ថាត្រូវគេក្បត់ខ្លាំងបំផុតដោយ លោក Muhyiddin ផ្ទាល់តែម្តង ខណៈលោកបានសំងំរៀបចំគម្រោងបែបនេះជាយូរណាស់មកហើយ ហើយឥឡូវក៏សម្រេចបានជោគជ័យ»។ អ្នកទាំងពីរស្ថិតក្នុងបក្សនយោបាយតែមួយគឺបក្ស Bersatu។
គួរជម្រាបថា បញ្ហានយោបាយនៅក្នុងប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមឡើង នៅពេលដែលលោក មហាធៀ បានប្រកាសលាលែង ពីតំណែងជានាយករដ្ឋមន្រ្តី កាលពីដើមសប្តាហ៍នេះ៕