(វ៉ាស៊ីនតោន)៖ ការស្ទង់មតិថ្មីមួយ បានបង្ហាញថា ប្រជាជនអាមេរិកកាន់តែច្រើនឡើងមានទំនោរលែងចង់ផឹកស្រាបៀរ Corona របស់ក្រុមហ៊ុន Constellation Brands ខណៈវីរុសកូរ៉ូណាថ្មី បង្កជាជំងឺ COVID-19 កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅជុំវិញពិភពលោក រួមទាំងសហរដ្ឋអាមេរិក និងស្របពេលក្រុមហ៊ុនមួយនេះ បានខាតបង់ប្រាក់ចំណូលប្រមាណ១៧០លានដុល្លារ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។
ទីភ្នាក់ងារ 5W Public Relations នៅក្នុងរបាយការណ៍ស្ទង់មតិថ្មីមួយរបស់ខ្លួន ចេញផ្សាយក្នុងសប្ដាហ៍នេះ បានឱ្យដឹងថា ប្រជាជនអាមេរិក ដែលត្រូវបានសាកសួរ មាន៣៨ភាគរយ បាននិយាយថា ពួកគេនឹងមិនទិញស្រាបៀរ Corona ផឹកឡើយ នៅគ្រប់កាលៈទេសៈទាំងអស់ ខណៈ១៤ភាគរយផ្សេងទៀតថា នឹងមិនទិញស្រាបៀរនេះ នៅតាមទីសារធារណៈនោះទេ។ ការស្ទង់មតិរបស់ 5W Public Relations ធ្វើឡើងតាមរយៈការសម្ភាសន៍ជាមួយអ្នកចូលចិត្តផឹកស្រាបៀរ ៧៣៧នាក់ នៅក្នុង សហរដ្ឋអាមេរិក ហើយទំនោរបែបនេះត្រូវបានគេរំពឹងថា អាចនឹងធ្វើឱ្យខាតបង់ប្រាក់ចំណូលរបស់ក្រុមហ៊ុន Constellation Brands ដែលពឹងផ្អែកស្ទើតែទាំងស្រុងលើទីផ្សារអាមេរិក។
ការស្ទង់មតិដោយទីភ្នាក់ងារ 5W Public Relations ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនស្រាបៀរដ៏ល្បីមួយនេះ ទទួលរងការរិះគន់យ៉ាងខ្លាំងដោយសារតែការផ្សព្វផ្សាយ ពាណិជ្ជកម្មស្រាបៀរ Corona ម៉ាកថ្មី ជាមួយពាក្យស្លោកថា «Coming Ashore Soon» ឬមានន័យថា «ឆ្លងដែនមកដល់ឆាប់ៗនេះ»។ អ្នកលេងបណ្ដាញទំនាក់ទំនងសង្គម ជាពិសេស Twitter បានចាត់ទុកថា ការផ្សព្វផ្សាយនេះ គឺជាការកេងចំណេញពីការរីករាលដាលនៃជំងឺ COVID-19 ដើម្បីឱ្យគេស្គាល់ម៉ាកផលិតផលថ្មីរបស់ខ្លួនកាន់តែច្រើន។ តែក្រោយមកការផ្សាយពាណិជ្ជកម្មនេះ ត្រូវបានលុបចោលទៅវិញនៅលើ Twitter ហើយខាងក្រុមហ៊ុននៅតែបញ្ជាក់ដដែលថា អតិថិជនរបស់ខ្លួនបានដឹងយ៉ាងច្បាស់ថា ស្រាបៀរ Corona មិនមានជាប់ពាក់ព័ន្ធនឹងវីរុសកូរ៉ូណាថ្មីនោះទេ។
គួរជម្រាបថា បើតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន CNN ការស្វែងរកពាក្យ «Corona beer virus» នៅលើបណ្ដាញអ៉ីនធើណិត បានកើនឡើងយ៉ាងគំហុគ កាលពីខែកុម្ភៈកន្លងទៅ។ មានសេចក្ដីរាយការណ៍ថា ក្រុមហ៊ុនបានខាតបង់ប្រាក់ចំណូលជាង១៧០លានដុល្លារ នៅក្នុងប្រទេសចិន ចាប់តាំងពីវីរុសកូរ៉ូណាថ្មី ផ្ទុះឡើងក៏ដោយ៕