(កងបេរ៉ា)៖ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសអូស្រ្តាលី នាថ្ងៃអាទិត្យនេះ បានឲ្យដឹងថា អ្នកជំងឺ COVID-19 ម្នាក់ បានបាត់បង់ជីវិត ពេលកំពុងព្យាបាលជំងឺ COVID-19 នៅរដ្ឋអូស្រ្តាលីខាងលិច (Western Australia)។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២០។
អាជ្ញាធរផ្នែកសុខាភិបាលរដ្ឋអូស្រ្តាលីខាងលិចបានឲ្យដឹងថា អ្នកជំងឺខាងលើជាបុរសអាយុខ្ទង់៧០ឆ្នាំ ដែលបានធ្វើដំណើរត្រឡប់ មកកាន់ប្រទេសអូស្រ្តាលីវិញ ពីកប៉ាល់ទេសចរណ៍ Diamond Princes ដែលស្ថិតក្នុងប្រទេសជប៉ុន។ គាត់ត្រូវបានធ្វើរោគវិនិច្ឆ័យ ឃើញជំងឺ COVID-19 នៅមជ្ឈមណ្ឌលឃ្លាំមើលសុខភាពក្នុងតំបន់ Howard Springs នៃរដ្ឋ Northern Territory កាលពី៩-១០ ថ្ងៃមុន។
គួរជម្រាបថា ភរិយារបស់អ្នកជំងឺខាងលើ ក៏ឆ្លង COVID-19 ដែរ និងកំពុងតែទទួលការព្យាបាល ខណៈស្ថានភាពរបស់គាត់គឺមាន សភានឹងនរ។ បច្ចុប្បន្នករណីអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសអូស្រ្តាលីមានចំនួន២៥នាក់៕