(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះ បានរកឃើញការឆ្លងជំងឺ COVID-19 ២១៩ករណីថ្មីបន្ថែមទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុប ទូទាំងប្រទេសកើនដល់ ៣,១៥០នាក់។
២៖ នៅទីបំផុតព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ី បានសម្រេចព្រះទ័យតាំងលោក មូហ៍យីដឌីន យ៉ាសស៊ីន (Muhyiddin Yassin) ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសម៉ាឡេស៊ី។
៣៖ សហរដ្ឋអាមេរិក និងក្រុមតាលីបង់ បានយល់ព្រមចុះហត្ថលេខាហើយ លើកិច្ចព្រមព្រៀងមួយ ដែលនឹងបើកផ្លូវឆ្ពោះទៅរកសន្តិភាពបញ្ចប់សង្រ្គាមរុំារ៉ៃ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អស់រយៈពេលជាង១៨ឆ្នាំមកនេះ។
៤៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់សមយុទ្ធយោធាមួយ ដោយមិនបានពាក់ម៉ាស់ ហើយនេះគឺជាការបង្ហាញ ខ្លួនជាសាធារណៈដ៏កម្រ ខណៈទីក្រុងព្យុងយ៉ាង កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ ការរីករាលដាលមេរោគនៅក្នុងប្រទេសដ៏ឯកោមួយនេះ។
៥៖ អាជ្ញាធរសុខាភិបាលអ៉ីរ៉ង់ បានឱ្យដឹងថាអ្នកជំងឺ COVID-19 ៩នាក់បន្ថែមទៀតបានស្លាប់ ធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺនេះ នៅទូទាំងប្រទេស កើនដល់៤៣នាក់ ខណៈអ្នកឆ្លងក៏បានហក់ឡើងដល់៥៩៣នាក់ផងដែរ។
៦៖ អាជ្ញាធរសុខាភិបាលអាមេរិក បានអះអាងពីការរកឃើញការឆ្លងជំងឺ COVID-19 មួយករណីបន្ថែមទៀត លើមនុស្សម្នាក់ដែលមិនធ្លាប់បានធ្វើដំណើរទៅបរទេស ហើយក៏មិនធ្លាប់មានទំនាក់ទំនងដោយផ្ទាល់ ជាមួយអ្នកឆ្លងជំងឺនេះនោះដែរ។ វាគឺជាករណីឆ្លងមិនស្គាល់ពីប្រភពទី៤ ៕