(កាប៊ុល)៖ សហរដ្ឋអាមេរិក និងក្រុមតាលីបង់ បានយល់ព្រមចុះហត្ថលេខាហើយ លើកិច្ចព្រមព្រៀងមួយ ដែលនឹងបើកផ្លូវឆ្ពោះទៅរកសន្តិភាពបញ្ចប់សង្រ្គាមរុំារ៉ៃ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អស់រយៈពេលជាង១៨ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។
កិច្ចព្រមព្រៀងសន្តិភាពខាងលើ ត្រូវបានចុះហត្ថលេខានៅក្នុងទីក្រុងដូហា ប្រទេសកាតា នៅថ្ងៃសៅរ៍នេះ ក្រោមវត្តមានរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ និងមេដឹកនាំក្រុមតាលីបង់។ នៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមតាលីបង់ នឹងបញ្ឈប់ការអនុញ្ញាតឱ្យក្រុមសកម្មប្រយុទ្ធអាល់កៃដា និងក្រុមសកម្មប្រយុទ្ធ ជ្រុលនិយមដទៃ ធ្វើប្រតិបត្តិការនៅក្នុងតំបន់ដែលខ្លួនកំពុងគ្រប់គ្រងវិញ។ ចំណែកឯ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត អង្គការ NATO បានយល់ព្រមដកកងទ័ព ទាំងអស់របស់ពួកគេចេញពីអាហ្វហ្គានីស្ថាន ក្នុងរយៈពេល១៤ខែ បើសិនជាក្រុមតាលីបង់អនុវត្តតាមអ្វីដែលបានព្រមព្រៀងគ្នា ខណៈកិច្ចចរចារវាងក្រុមតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ក៏នឹងត្រូវរៀបចំឡើងនៅពេលអនាគតផងដែរ។
គួរជម្រាបថា សង្រ្គាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានផ្ទុះឡើងក្រោយសហរដ្ឋអាមេរិក សម្រេចចិត្តចូលឈ្លានពានផ្ដួលរំលំរដ្ឋាភិបាលតាលីបង់ បន្ទាប់ពីពួកគេ បដិសេធប្រគល់ខ្លួនអតីតមេភេវករ Osama bin Laden ដែលទីក្រុង វ៉ាស៊ីនតោន ចោទថាជាអ្នកនៅពីក្រោយការដឹកនាំការវាយប្រហារមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ កងទ័ពអាមេរិកច្រើនជាង ២,៤០០នាក់បានស្លាប់នៅក្នុងសង្រ្គាម ហើយ ១២,០០០នាក់ផ្សេងទៀត កំពុងឈរជើងនៅអាហ្វហ្គានីស្ថាន នៅឡើយ៕