(ឌូបៃ)៖ អាជ្ញាធរសុខាភិបាលអ៉ីរ៉ង់ បានឱ្យដឹងថាអ្នកជំងឺ COVID-19 ៩នាក់បន្ថែមទៀតបានស្លាប់ ធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺនេះ នៅទូទាំងប្រទេស កើនដល់៤៣នាក់ ខណៈអ្នកឆ្លងក៏បានហក់ឡើងដល់៥៩៣នាក់ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។
លោក Kianush Jahanpur អ្នកនាំពាក្យក្រសួងសុខាភិបាលអ៉ីរ៉ង់ បានគូសបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក នៅថ្ងៃសៅរ៍នេះ ដូច្នេះថា៖« ជារឿង អកុស! មនុស្ស៩នាក់បន្ថែមទៀតបានស្លាប់ ដោយសារជំងឺ COVID-19 ក្នុងរយៈពេល២៤ម៉ោងមកនេះ ដោយធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់៤៣នាក់ និងឆ្លងជាង៥៩៣នាក់»។
ព្រមពេលជាមួយគ្នា អ្នកនាំពាក្យរូបនេះ ក៏បានទាត់ចោលទំាងស្រុងផងដែរចំពោះព័ត៌មានដែលអះអាងថាមានមនុស្សច្រើនជាង ២០០នាក់ បានបាត់បង់ជីវិត នៅក្នុងប្រទេសអ៉ីរ៉ង់ ដោយសារ COVID-19 ហើយដើម្បីទប់ស្កាត់ការរីករាលដាល លោក Jahanpur បានអំពាវនាវឱ្យប្រជាជនអ៉ីរ៉ង់ ស្ថិតនៅក្នុងផ្ទះ មួយរយៈសិន៕