(ឡូសអាន់ជែឡេស)៖ អាជ្ញាធរសុខាភិបាលអាមេរិក បានអះអាងពីការរកឃើញការឆ្លងជំងឺ COVID-19 មួយករណីបន្ថែមទៀត លើមនុស្សម្នាក់ដែលមិនធ្លាប់បានធ្វើដំណើរទៅបរទេស ហើយក៏មិនធ្លាប់មានទំនាក់ទំនងដោយផ្ទាល់ ជាមួយអ្នកឆ្លងជំងឺនេះនោះដែរ។ វាគឺជាករណីឆ្លងមិនស្គាល់ពីប្រភពទី ៤ ហើយដែលត្រូវបានរាយការណ៍នៅក្នុងសហរដ្ឋអាមេរិក ខណៈអ្នកជំនាញព្រមានថា វាជាសញ្ញាបញ្ជាក់ថា ជំងឺនេះបាននិងកំពុងវាយលុកពេញផ្ទៃប្រទេសហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាមអាជ្ញាធរសុខាភិបាលអាមេរិក អ្នកឆ្លងមេរោគ COVID-19 ខាងលើ ជាក្មេងប្រុសម្នាក់អាយុក្រោម ១៨ឆ្នាំ រស់នៅក្នុងរដ្ឋវ៉ាស៊ីនតោនស្តេត។ បច្ចុប្បន្ន ក្មេងប្រុសរូបនោះកំពុងត្រូវបានដាក់ឲ្យនៅដាច់ឆ្ងាយពីគេ។ អាជ្ញាធរសុខាភិបាលប្រចាំរដ្ឋវ៉ាស៊ីនតោន បានគូសបញ្ជាក់ថា វិទ្យាល័យដែលក្មេងនោះរៀន នឹងត្រូវបិទទ្វាររហូតដល់ថ្ងៃទី០៣ ខែមីនាខាងមុខ ដើម្បីជាវិធានការទប់ស្កាត់កុំឲ្យរាតត្បាតជំងឺនេះ ក្នុងចំណោមសិស្សផ្សេងៗទៀត។
គួរជម្រាបថា បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង CDC គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) មនុស្សជាង ៦០នាក់ហើយបានឆ្លង COVID-19 នៅក្នុងសហរដ្ឋអាមេរិក ហើយទីភ្នាក់ងារព័ត៌មាន Reuters ក៏បានរាយការណ៍ផងដែរថា ដោយសារក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះការរីករាលដាល COVID-19 សហរដ្ឋអាមេរិកបានសម្រេចចិត្តពន្យារពេលរៀបចំ កិច្ចប្រជុំកំពូលជាមួយថ្នាក់ដឹកនាំកំពូល នៃបណ្តាប្រទេសអាស៊ានទាំង ១០ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ខាងមុននេះ នៅទីក្រុងឡាសវេហ្គាស រដ្ឋណេវ៉ាដាផងដែរ៕