(ស៊ីដនី)៖ អាជ្ញាធរអូស្ត្រាលី បានរាយការណ៍ពីការរកឃើញការឆ្លងជំងឺ COVID-19 មួយករណីបន្ថែមទៀត នៅលើស្ត្រីម្នាក់ ដែលទើបតែធ្វើដំណើរត្រលប់មកពីប្រទេសអ៊ីរ៉ង់ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេស កើនដល់២៥នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Strait Times នារសៀលថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។
ស្ត្រីជាជនជាតិអូស្ត្រាលីខាងលើ ដែលត្រូវបានគេធ្វើតេស្តរកឃើញថា បានឆ្លង COVID-19 មានវ័យ ៦៣ឆ្នាំ រស់នៅភាគខាងជើង នៃរដ្ឋឃ្វីនឡែន (Queensland) និងប្រកបមុខ របរជាអ្នកកែសម្ផស្ស។ នាងទើបតែបានត្រលប់មកពីប្រទេសអ៊ីរ៉ង់ ជាទីដែលកំពុងតែមានការផ្ទុះរាលដាលជំងឺនេះយ៉ាងគំហុក។ លោក Steven Miles រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៃរដ្ឋឃ្វីនឡែន (Queensland) បានគូសបញ្ជាក់ថា មន្ត្រីសុខាភិបាលកំពុងព្យាយាមតាមដានមនុស្សប្រហែល ៤០ នាក់ផ្សេងទៀតដែលជាអតិថិជននៃហាងកែសម្ផស្សរបស់នាង។ ទោះជាយ៉ាងណា លោកបាននិយាយថា ហានិភ័យនៃការឆ្លងពីមនុស្សមួយទៅមនុស្សមួយ គឺមានកម្រិតទាប។
គួរជម្រាបថា នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison )នៅសប្តាហ៍នេះ បាននិយាយថា ហានិភ័យនៃជំងឺរាតត្បាត COVID-19 គឺ«អាចប៉ះពាល់ធ្ងន់ធ្ងរ» ខណៈលោក បានបញ្ជាឲ្យចាត់វិធានការជាបន្ទាប់ដើម្បីទប់ស្កាត់ជំងឺនេះ តាមរយៈពិនិត្យសុខភាពនៅតាមព្រំដែន និងស្តុកទុកឧបករណ៍វេជ្ជសាស្ត្រជាដើម។ មកដល់ពេលឥឡូវនេះ មានមនុស្ស ៩ នាក់ហើយ ដែលនៅរដ្ឋឃ្វីនឡែន ត្រូវបានបញ្ជាក់ថាមានផ្ទុក COVID-19 ដោយក្នុងនោះមាន ៣ នាក់មកពីនាវា Daimond Princess ដែលត្រូវបានគេដាក់នៅ ដាច់ដោយឡែកពីគេឯង នៅប្រទេសជប៉ុន ខណៈអ្នកឆ្លងសរុបទូទាំងបានប្រទេសកើនដល់ ២៥ករណី៕