(រ៉ូម)៖ សម្ដេច សង្ឃ កាតូលិក ប៉ាប ហ្វ្រង់ស៊ីស (Pope Francis) ត្រូវបានគេរាយការណ៍ថា មាន «អាការៈមិនស្រូវស្រួលព្រះកាយបន្តិចបន្តួច» តែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្រះអង្គ មិនបានពាក់ម៉ាស ខណៈទទួលស្វាគមន៍ និងប្រទានពរជ័យដល់អ្នកចូលរួមក្នុងពិធីបុណ្យ Ash កាលពីថ្ងៃពុធ កន្លងទៅ។ នេះបើតាមការដកចេញផ្សាយដោយសារព័ត៌មាន FOX News នៅថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។
នៅថ្ងៃសុក្រសប្ដាហ៍នេះ សម្ដេចប៉ាប ហ្វ្រង់ស៊ីស មានព្រះជន្ម៨៣ ព្រះវស្សា បានលុបចោលការគម្រោងចូលរួមក្នុងពិធីជួបជុំមួយរបស់ព្រះអង្គ ហើយកាលពីថ្ងៃព្រហស្បតិ៍ ព្រះអង្គ ក៏បានលុបចោលគម្រោងចូលរួមក្នុងពិធីជួបជុំជាមួយក្រុមមន្ត្រីសង្ឃកាតូលិក ផងដែរ។ សេចក្ដីរាយការណ៍ថាសម្ដេចប៉ាប មានជំងឺបន្តិចបន្តួច កើតមានឡើងនៅចំពេល វីរុសកូរ៉ូណាថ្មី បង្កជាជំងឺ COVID-19 កំពុងរីករាលដាលយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសអ៉ីតាលី ជាទីដែលមនុស្សឆ្លងជំងឺនេះ មានច្រើនជាង៦៥០នាក់ និងអ្នកជំងឺ ១៧នាក់ បានស្លាប់។
គួរបញ្ជាក់ថា នៅក្នុងពិធីជួបជុំកាលពីថ្ងៃពុធ កន្លងទៅ សម្ដេចប៉ា ត្រូវបានគេប្រទះឃើញថាបានក្អក ហើយយកកូនកន្សែងខ្ទប់ និងជូតច្រមុះ។ ក៏ប៉ុន្តែ ខាងបុរីវ៉ាទីកង់ (Vatican) មិនបានបញ្ជាក់លម្អិតពីអាការៈជំងឺរបស់សម្ដេចប៉ាប នោះទេ ហើយថែមទាំងបានបដិសេធចំពោះ ការឆ្លើយសំនួរដែលសួរថា តើព្រះអង្គកំពុងទទួលការពិនិត្យរកជំងឺ COVID-19 ដែរឬទេ ទៀតផង ដោយគ្រាន់តែឱ្យដឹងថាព្រះអង្គខកខានចូលរួមក្នុងពិធីជួបជុំរបស់ទ្រង់ ដោយសារតែមានអាការៈមិនស្រូវស្រួលខ្លួនបន្តិចបន្តួច តែប៉ុណ្ណោះ៕