(សេអ៊ូល)៖ ប្រទេសចំនួន ៧១ កំពុងដាក់កម្រិតលើអ្នកដំណើរ ដែលមកពីទឹកដីកូរ៉េខាងត្បូង ព្រមជាមួយនិងការដាក់ចេញនូវវិធានការ «ដាក់ឲ្យនៅដាច់ដោយឡែកពីគេឯងរយៈពេល ១៤ថ្ងៃផងដែរ» សម្រាប់អ្នកដំណើរដែលគួរឲ្យសង្ស័យ ចំពោះមុខជំងឺឆ្លង COVID-19 ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ដោយមានចំនួនអ្នកឆ្លងជិត ៣,០០០នាក់ហើយនៅទូទាំងប្រទេសអាស៊ីបូព៌ាមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នារសៀលថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។
ប្រទេសម៉ាឡេស៊ី និងលីបង់គឺជាប្រទេសចុងក្រោយបង្អស់ ដែលបានអនុវត្តវិធានការនេះ។ ចំណែកប្រទេសកៀហ្ស៊ីស៊ីស្ថាននឹងចាប់ផ្តើមដាក់បម្រាមទាំងស្រុងលើកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យស្អែកនេះហើយ។ ក្នុងចំណោមប្រទេសចំនួន ៧១ ដែលបានដាក់ការរឹតត្បិត នោះមានប្រទេសចំនួន ៣៣ ដាក់បំរាមធ្ងន់ធ្ងរជាងគេ ដោយមិនអនុញ្ញាតឲ្យជនជាតិកូរ៉េខាងត្បូង ឬជនបរទេសណា ដែលធ្លាប់បានទៅទស្សនាប្រទេសអាស៊ីមួយនេះ ក្នុងរយៈពីរសប្តាហ៍ចុងក្រោយ ចូលក្នុងប្រទេសរបស់ពួកគេឡើយ។
ភាគច្រើននៃបណ្តាប្រទេសទាំងនេះ ក៏បានបន្ថែមប្រទេសចិន ជប៉ុន សិង្ហបុរី អ៉ីរ៉ង់ និងអ៊ីតាលីដែលជាកន្លែងដែលត្រូវវីរុសនេះកំពុងវាយប្រហារយ៉ាងខ្លាំង ទៅក្នុងបញ្ជីដាច់ដោយឡែករបស់ពួកគេផងដែរ។
កូរ៉េខាងត្បូងបានចេញសេចក្តីណែនាំ ឲ្យពលរដ្ឋរបស់ខ្លួនពិចារណាឡើងវិញ ឬពន្យារពេលរាល់គម្រោងធ្វើដំណើរ ទៅកាន់ប្រទេសនានា ដែលបានដាក់កម្រិតការចូលទាំងនោះ ដោយសំអាងលើបញ្ហារអាក់រអួល ឬបញ្ហាសុវត្ថិភាពដែលអាចនឹងកើតឡើងសម្រាប់ពួកគេ។
គួរជម្រាបថា នៅព្រឹកថ្ងៃសៅរ៍នេះអាជ្ញាធរកូរ៉េខាងត្បូង បានប្រកាសពីការរកឃើញករណីថ្មី ដែលកើតជំងឺ COVID-19 ចំនួន ៥៩៤ករណីបន្ថែមទៀត ដែលនាំឲ្យមានអ្នកឆ្លងសរុប ២,៩៣១នាក់ ដោយក្នុងនោះស្លាប់ ១៦នាក់នៅទូទាំងប្រទេស៕