(ឡូសអាន់ជែឡេស)៖ អាជ្ញាធរសុខាភិបាលអាមេរិក បានអះអាងពីការរកឃើញការឆ្លងជំងឺ COVID-19 មួយករណីបន្ថែមទៀត លើមនុស្សម្នាក់ដែលមិនធ្លាប់បានធ្វើដំណើរទៅបរទេស ហើយក៏មិនធ្លាប់មានទំនាក់ទំនងដោយផ្ទាល់ ជាមួយអ្នកឆ្លងជំងឺនេះនោះដែរ។ នេះគឺជាករណីឆ្លងមិនស្គាល់ពីប្រភពទី ៣ ដែលត្រូវបានរាយការណ៍នៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសផលថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាមអាជ្ញាធរសុខាភិបាលអាមេរិក អ្នកឆ្លងមេរោគ COVID-19 ខាងលើ ជាមនុស្សមានវ័យជំទង់ម្នាក់រស់នៅក្នុងរដ្ឋ អូរ៉េហ្គន (Oregon) នៃភាគខាងលិចសហរដ្ឋអាមេរិក ហើយរូបគេកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។ ទន្ទឹមគ្នានេះមិនទាន់មានការបញ្ជាក់ឱ្យច្បាស់ថា តើអ្នកជំងឺរូបនេះឆ្លងមេរោគ COVID-19 ដោយរបៀបណានោះទេ ដែលនេះគឺជាករណីឆ្លងមិនស្គាល់ប្រភពទី ៣ហើយ បន្ទាប់ពីមនុស្សមានវ័យចំណាស់ ០២នាក់ទៀត ដែលត្រូវបានគេរកឃើញថា បានឆ្លងជំងឺនេះនៅរដ្ឋក្បែរខាងគឺកាលីហ្វ័រញ៉ា នៅក្នុងសប្ដាហ៍នេះ ដោយបង្កឱ្យមានការព្រួយបារម្ភជាច្រើនខ្លាចក្រែង ជំងឺឆ្លងផ្ទុះឡើងរឹតតែខ្លាំងនៅក្នុងសហរដ្ឋអាមេរិក។
គួរជម្រាបថា បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង CDC គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) មនុស្ស ៦០នាក់ហើយបានឆ្លង COVID-19 នៅក្នុងសហរដ្ឋអាមេរិក ហើយទីភ្នាក់ងារព័ត៌មាន Reuters ក៏បានរាយការណ៍ផងដែរថា ដោយសារក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះការរីករាលដាល COVID-19 សហរដ្ឋអាមេរិក បានសម្រេចចិត្តពន្យារពេលរៀបចំកិច្ចប្រជុំកំពូលជាមួយថ្នាក់ដឹកនាំកំពូល នៃបណ្តាប្រទេសអាស៊ានទាំង ១០ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ខាងមុននេះ នៅទីក្រុងឡាសវេហ្គាស រដ្ឋណេវ៉ាដា៕