(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់សមយុទ្ធយោធាមួយ ដោយមិនបានពាក់ម៉ាស់ ហើយនេះគឺជាការបង្ហាញខ្លួនជាសាធារណៈដ៏កម្រ ខណៈទីក្រុងព្យុងយ៉ាង កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ ការរីករាលដាលមេរោគនៅក្នុងប្រទេសដ៏ឯកោមួយនេះ។ នេះបើតាម KCNA ដកស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាមសារព័ត៌មានកូរ៉េខាងជើង KCNA សមយុទ្ធយោធាខាងលើគឺត្រូវបានធ្វើឡើង ដោយផ្ដោតសំខាន់លើវិធីសាស្ត្រចល័ត និងបង្កើនសមត្ថភាពវាយប្រហារលើសត្រូវ ហើយសមយុទ្ធនេះបានធ្វើឱ្យលោក គីម ពេញចិត្តជាខ្លាំង។ ប៉ុន្តែលំហាត់សឹកនេះ កើតមានឡើងនៅចំពេលដែលទីក្រុងព្យុងយ៉ាង កំពុងរឹតបន្តឹងវិធានការនានា ដើម្បីទប់ស្កាត់ការរីករាលដាល COVID-19 ក្នុងនោះរួមមានដូចជាការបង្កើតការត្រួតពិនិត្យ នៅតាមតំបន់ព្រំដែន អាកាសយានដ្ឋាន និងកំពង់ផែនៅទូទាំងប្រទេស។
សារព័ត៌មាន KCNA បន្ថែមទៀតថា លោក គីម ក៏បានកោះប្រជុំក្រុមមន្ត្រីរបស់លោកផងដែរ សំដៅណែនាំពីការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ជាមួយការព្រមានពី «ផលវិបាកធ្ងន់ធ្ងរ» នៅក្នុងករណីដែលពួកគេបរាជ័យទប់ស្កាត់ជំងឺឆ្លងមួយនេះ។
គួរបញ្ជាក់ថា កូរ៉េខាងជើងមកទល់នឹងពេលនេះ មិនទាន់ទទួលស្គាល់ករណីឆ្លងជំងឺ COVID-19 ណាមួយនោះទេ បើទោះជាសារព័ត៌មានកូរ៉េខាងត្បូងខ្លះរាយការណ៍ថា ជំងឺនេះបានឆ្លងចូលរួចទៅកូរ៉េខាងជើងហើយ និងសម្លាប់មនុស្សប្រជាជនកូរ៉េខាងជើង ជាច្រើននាក់ក៏ដោយ។ លោក គីម ជុងអ៊ុន បានបង្ហាញខ្លួនជាសាធារណៈលើកចុងក្រោយបំផុត កាលពីថ្ងៃទី១៦ ខែកុម្ភៈ ពោលគឺ ២២ថ្ងៃ ក្រោយចូលរួមប្រារព្ធខួបកំណើតរបស់ឪពុក គឺលោក គីម ជុងអ៊ីល៕