(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននាថ្ងៃសៅរ៍នេះបានរាយការណ៍ឲ្យដឹងថា តួលេខសរុបនៃអ្នកជំងឺដែលបានជាសះស្បើយពី COVID-19 នៅទូទាំងប្រទេសចិន បានកើនឡើងដល់ ៣៩,០០២នាក់ហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។
របាយការណ៍ប្រចាំថ្ងៃរបស់ គណៈកម្មការសុខាភិបាលជាតិចិនបានឲ្យដឹងទៀតថា នារយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញនេះ មនុស្សចំនួន ២,៨៨៥ នាក់ទៀត បានចាកចេញពីមន្ទីរពេទ្យ ក្រោយពួកគេបានជាសះស្បើយឡើងវិញ។ ដោយឡែកករណីឆ្លងថ្មីនាថ្ងៃដដែលនោះដែរមានត្រឹមតែ ៤២៣នាក់ ខណៈចំនួនអ្នកស្លាប់គឺ ៤៥នាក់។
គួរជម្រាបថា បើតាមរបាយការណ៍ថ្មីនៅព្រឹកថ្ងៃសៅរ៍នេះ ចំនួនសរុបនៃអ្នកឆ្លងជំងឺ COVID-19 នៅតាមបណ្តាខេត្តនិងតំបន់ចំនួន ៣១ នៃប្រទេសចិនបានកើនដល់ ៧៩,២៥១ករណី ដោយក្នុងនោះចំនួនអ្នកស្លាប់បានកើនដល់ ២,៨៣៥នាក់ ប៉ុន្តែខេត្តហ៊ូប៉ី (Hubei) រ៉ាប់រងសឹងតែទាំងអស់នៃករណីទាំងនេះ៕