(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីចាំផ្ទះម៉ាឡេស៊ី លោក មហាធៀ មហាំម៉ាត់ បាននិយាយថា បានយល់ព្រមធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីតំណាងឲ្យអតីតគណបក្សចំរុះដឹកនាំរដ្ឋាភិបាល គឺបក្ស ផាកាតាន់ ហារ៉ាផាន់ (Pakatan Harapan ឬ PH) ជាមួយការបញ្ជាក់ថា លោកមានសំឡេងគ្រប់គ្រាន់ដើម្បីត្រឡប់មកកាន់អំណាចវិញ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃសៅរ៍នេះ លោក មហាធៀ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានទំនុកចិត្តថា ខ្ញុំមានសំឡេងគាំទ្រគ្រប់គ្រាន់នៅក្នុងសភា... ហើយបច្ចុប្បន្ន ខ្ញុំកំពុងត្រៀមខ្លួនឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី»។ លោក មហាធៀ ធ្វើការអះអាងបែបនេះ បន្ទាប់ពីបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ នៃគណបក្សចំរុះ Pakatan Harapan ដែលកំពុងមានសំឡេងបែងចែកគ្នា យ៉ាងស្មុគស្មាញបំផុត។
ប៉ុន្តែគេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើនាយករដ្ឋមន្ត្រីបណ្តោះអាសន្នវ័យ ៩៤ឆ្នាំរូបនេះ បានឈានដល់កិច្ចព្រមព្រៀងផ្លូវការជាមួយគណបក្ស Pakatan Harapan ឬក៏យ៉ាងណានោះទេ ដោយគ្រាន់តែឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍ថា ពួកគេបានគាំទ្រដល់លោក មហាធៀ សម្រាប់តំណែងជានាយករដ្ឋមន្ត្រីថ្មី ហើយការប្រកាសនេះកើតមានឡើងតែបីថ្ងៃប៉ុណ្ណោះ ក្រោយគណបក្សចំរុះមួយនេះ ប្រកាសតែងតាំងលោក អាន់វ៉ា អ៉ីប្រាហ៊ីម (Anwar Ibrahim) ជាបេក្ខជននាយករដ្ឋមន្ត្រីដូចគ្នា។
ម្យ៉ាងវិញទៀត ស្ថានភាពនយោបាយម៉ាឡេស៊ីកាន់តែមានភាពស្មុគស្មាញ ពោលគឺគណបក្ស ប៊ឺសាទូ (Bersatu) របស់លោក មហាធៀ ផ្ទាល់កាលពីថ្ងៃសុក្រ ក៏បានសម្រេចចិត្តតែងតាំងនាយកប្រតិបត្តិម្នាក់ គឺលោក មូហ៊ីដឌីន យ៉ាសស៊ីន (Muhyiddin Yassin) ជាបេក្ខជននាយករដ្ឋមន្ត្រីតំណាងឱ្យគណបក្សមួយនេះផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះព្រះមហាក្សត្រម៉ាឡេស៊ីមានជម្រើសពីរ ដែលទ្រង់អាចសម្រេចព្រះទ័យ នោះគឺតែងតាំងនាយករដ្ឋមន្ត្រីថ្មី ដែលទទួលបានសំឡេងគាំទ្រភាគច្រើន នៅក្នុងចំណោមសមាជិកសភាទាំង ២២២នាក់ ហើយជម្រើសមួយទៀត គឺទទួលយកការរៀបចំការបោះឆ្នោតសកលមុនអាណត្តិ៕